អ៊ីស្រាអែលអាចវាយប្រហារលើអ៊ីរ៉ង់ ក្នុងរយៈពេលពីរ ឬបី ឆ្នាំខាងមុខ
ហ៊្សេរុយសាឡិម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលើកឡើង កាលពីថ្ងៃពុធទី២៨ខែធ្នូថា អ៊ីស្រាអែលអាចវាយប្រហារទីតាំង នុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងរយៈពេលពីរឬបីឆ្នាំខាងមុខ នៅក្នុងការគំរាម កំហែងដែលអាចនឹងធ្វើឱ្យភាពតានតឹងជាមួយអុីរ៉ង់កើនឡើង។
វោហាស័ព្ទគំរាមរបស់មន្រ្តីជាន់ខ្ពស់អ៊ីស្រាអែលនាពេលនេះ ធ្វើឡើងខណៈដែលកិច្ចខិតខំប្រែងអន្តរជាតិក្នុងការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ត្រូវបានជាប់ គាំង ស្របពេលដែលអ៊ីរ៉ង់បង្កើនការចម្រាញ់សារធាតុ អ៊ុយរ៉ានីញ៉ូម ទោះបីជាប្រទេសនេះអះអាងថា កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនប្រើក្នុងគោលបំណងសន្តិភាពក៏ដោយ។
អ្នកជំនាញលើកឡើងថា អ៊ីរ៉ង់អាចមានសក្តានុពលបង្កើន ភាព បរិសុទ្ធនៃសារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួនទៅជាកម្រិតអាវុធក្នុងរយៈពេលខ្លី ប៉ុន្តែការបង្កើតក្បាលគ្រាប់អាចនឹងត្រូវចំណាយ ពេលច្រើនឆ្នាំ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល Benny Gantz បាន ថ្លែងប្រាប់និស្សិតបញ្ចប់ការសិក្សាផ្នែកទ័ពអាកាសយ៉ាងដូច្នេះថា៖ «ក្នុងរយៈពេលពីរឬបីឆ្នាំ អ្នកអាចនឹងធ្វើដំណើរឆ្លងកាត់ មេឃទៅទិសខាងកើត ហើយចូលរួមក្នុងការវាយប្រហារ លើទីតាំងនុយក្លេអ៊ែរក្នុងប្រទេសអ៊ីរ៉ង់»។
អស់រយៈពេលជាងមួយទសវត្សរ៍មកនេះ អ៊ីស្រាអែលបាន ចេញ មុខគំរាមវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ប្រសិនបើខ្លួន ចាត់ ទុកថា ទំនាក់ទំនងការទូតរបស់មហាអំណាចពិភពលោក ជាមួយក្រុងតេអេរ៉ង់ត្រូវបានបញ្ចប់។ ទោះបីយ៉ាងនេះក្ដី អ្នក ជំនាញខ្លះសង្ស័យថា អ៊ីស្រាអែលមានកលល្បិចយោធាធ្វើ ឱ្យ មានការខូចខាតយូរអង្វែងដល់គោលដៅរបស់អ៊ីរ៉ង់។
ការរាយការណ៍របស់កាសែតអ៊ីស្រាអែល Israel Hayom កាលពីថ្ងៃអាទិត្យដែលស្រង់សម្ដីប្រភពមន្រ្តីយោធា បានឱ្យដឹង ថា ការព្យាករណ៍ចារកម្មយោធារបស់អ៊ីស្រាអែលសម្រាប់ឆ្នាំ ២០២៣ គឺថា អ៊ីរ៉ង់នឹងបន្តនៅលើមាគ៌ានៃវឌ្ឍនភាពយឺតរបស់ ខ្លួនលើវិស័យនុយក្លេអ៊ែរ។
ការរាយការណ៍លើកឡើងថា៖«អ៊ីរ៉ង់នឹងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនប្រសិនបើប្រទេសនេះទទួលរងទណ្ឌកម្មខ្លាំងបំផុត។ អ៊ីរ៉ង់អាចនឹងសម្រេចចិត្តបង្កើនល្បឿននៃការចម្រាញ់(អ៊ុយរ៉ាញ៉ូម)ដល់កម្រិតយោធា»។
សូមរំឭកថា ក្រោមគោលនយោបាយមិនច្បាស់លាស់ មួយ ដែលបង្កើតឡើងដើម្បីរារាំងសត្រូវជុំវិញ ខណៈជៀសវាង ការបង្កហេតុដែលអាចជំរុញឱ្យមានការប្រកួតប្រជែងអាវុធអ៊ីស្រាអែលមិនបញ្ជាក់ឬបដិសេធថាខ្លួនមាន ឬគ្មានអាវុធនុយ ក្លេអ៊ែរនោះទេ។
ចំណែកអ្នកជំនាញជឿថា ប្រទេសនេះមានគ្រាប់នុយក្លេអ៊ែរ តាំងពីឆ្នាំ ១៩៦៦ ខណៈប្រទេសនេះនាពេលបច្ចុប្បន្ន មិនមែន ជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លអ៊ែរឆ្នាំ ១៩៧០ ដែលខុសពីអ៊ីរ៉ង់៕
ដោយ៖ហួន ឌីណា
ប្រភព៖ Israeli minister sees possible attack on Iran ‘in two or three years’