ជនមានពិការភាព ជាង ២៥ម៉ឺននាក់ ត្រូវបានធ្វើអត្តសញ្ញាណកម្ម ពិការភាព
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃនាយកដ្ឋានសុខុមាលភាពជនពិការ បានឱ្យដឹងថា ជនមានពិការភាពជាង ២៥ ម៉ឺននាក់ ត្រូវបាន ធ្វើអត្តសញ្ញាណកម្មពិការភាព ខណៈដែលមន្ត្រីទទួលបន្ទុកការ ធ្វើអត្តសញ្ញាណកម្មនៅមានកម្រិត អំពីការយល់ដឹងប្រភេទ ពិការភាព។នេះបើតាមការលើកឡើងរបស់ប្រធាននាយក ដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ។
លោក សាន់ រតនា បានបញ្ជាក់ថា ការងារកំណត់អត្តសញ្ញាណ កម្មជនមានពិការភាពនេះ គឺបានចាប់ផ្ដើមពីខែសីហា ឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ននេះ ដោយកំណត់អត្តសញ្ញាណ កម្មនេះ គឺមានការប្រើប្រាស់នៅប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រង ព័ត៌មានពិការភាពដើម្បីកំណត់ប្រភេទនៃពិការភាព។
លោកបានបន្តថា ក្នុងចំណោមជនមានពិការភាពប្រមាណជាង ៥០ ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជា ការងារកំណត់ អត្តញ្ញាណកម្មជនមានពិការភាពបានកើនឡើងចំនួន២៥ម៉ឺននាក់។ក្នុងនោះមានស្រីចំនួន ១២ម៉ឺននាក់ ប្រុសមានចំនួន ១៣ ម៉ឺននាក់។
លោក សាន់ រតនា បញ្ជាក់ថា ៖ «ដូច្នេះការកំណត់ អត្តសញ្ញាណ កម្មជនមានពិការភាព គឺមានសារសំខាន់ណាស់ ចំពោះជនមានពិការភាព ព្រោះវាជាបណ្ណសម្ភាល់ខ្លួនសម្រាប់ ជនមានពិការភាព ក្នុងស្វែងរកសេវាគាំពារផ្សេងៗពីវិស័យរដ្ឋ និងវិស័យឯកជន សម្រាប់ជនមានពិការភាព»។
លោកបានបន្ថែមថា ស្របពេលដែលអនុវត្តការងារនេះ ក៏មាន ការជួបនូវឧបសគ្គ និងបញ្ហាប្រឈមខ្លះៗផងដែរដូចជា ការ យល់ដឹងប្រភេទពិការការភាពរបស់មន្ត្រីទទួលបន្ទុកកម្មវិធីឃុំសង្កាត់ គ្រួសារ និងសហគមន៍ នៅមានកម្រិត ហើយក៏រួម ជាមួយនឹងការផ្សព្វផ្សាយស្តីពីការធ្វើអត្តសញ្ញាណកម្មពិការភាពដល់ប្រជាពលរដ្ឋទូទៅក៏នៅមានកម្រិតផងដែរ។
ក្រៅពីនេះទៀត ការផ្តល់ប័ណ្ណសម្គាល់ជនមានពិការភាព នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក ពីព្រោះមន្រ្តីអនុវត្ត កម្មវិធីនៅឃុំសង្កាត់មានការងារច្រើន ថែមទាំងសមត្ថភាពរបស់ មន្ត្រីទទួលបន្ទុកកម្មវិធីឃុំសង្កាត់ទាំងនោះ នៅមានកម្រិត ក្នុងការប្រើប្រាស់ App ដូចជា ចំនួនទិន្នន័យមិនមានប្រភេទ ពិការភាព រូបភាព និងឯកសារគាំទ្រជាដើម។
ទាក់ទិនរឿងនេះ លោក ឈ ប៉ុណ្ណារ័ត្ន មន្ត្រីកម្មវិធីអង្គការ ជនពិការ កម្ពុជា បានថ្លែងថា ការងារកំណត់អត្តសញ្ញាណកម្ម ពិការភាព វាជារឿងល្អ ពីព្រោះរាជរដ្ឋាភិបាលមានការយក ចិត្តទុកដាក់ និងមានការរៀបចំឱ្យជនមានពិការភាព ពួក គាត់ទទួលបាននូវបណ្ណសម្គាល់ពីពិការភាព ដើម្បីទទួលបាន អត្ថប្រយោជន៍ផ្សេងៗទៅតាមប្រភេទនៃពិការភាពរបស់ពួកគាត់ ពីការទទួលបានកញ្ចប់ជំនួយសង្គម សេវាសុខភាព សេវាអប់រំ សេដ្ឋកិច្ច មុខរបរ ការងារ ការធ្វើដំណើរ រមណីយដ្ឋាន និងកិច្ចអន្តរាគមន៍នានាជាច្រើនទៀត ដូចជាពេលមានគ្រោះធម្មជាតិជាដើម។
លោកបានបន្តថា មួយវិញទៀត នៅពេលដែលទទួលបាន បណ្ណសម្គាល់បញ្ជាក់ពីពិការភាពនេះ ក៏ដើម្បីបង្កភាពងាយ ស្រួល សម្រាប់ ជនមានពិការដែលទទួលបានឱកាសការងារ អាចធ្វើការសមស្របទៅតាមភាពពិការរបស់ពួកគាត់ជាដើម៕ ដោយ៖ ជា សុខនី