អ្នកនិពន្ធ សុគន្ធ សុខា៖ ជីវិតផ្លាស់ប្តូរត្រូវផ្តើមចេញ ពីចិត្ត ក្លាហាន
ភ្នំពេញ៖ យុវនិពន្ធយល់ឃើញចំពោះវិស័យតែងនិពន្ធនៅកម្ពុជា ថា បើមានកំណើននៃអ្នកអាន នាំឱ្យមានកំណើនកវី អ្នកនិពន្ធ អ្នកស្រាវជ្រាវ រៀបរៀងចងក្រងដែលជាហេតុធ្វើឱ្យកម្ពុជា សម្បូរទៅ ដោយឯកសារ ឬស្នាដៃដែលប្រកបដោយគុណភាព ខ្ពស់ ជាច្រើនប្រភេទខុសៗគ្នានៅក្នុងទីផ្សារ បម្រើជាប្រយោជន៍ អំណាន។
លោក សុគន្ធ សុខា ជាគ្រូឧទ្ទេសជំនាញនិយាយជាសាធារណៈ និងជជែកដេញដោលមតិនៃវិទ្យាស្ថានស៊ីអ៊ីអូ។លោកក៏ ជាស្ថាបនិក និងជានាយកសាលាបង្រៀនគួរយុវគុណវុឌ្ឍិ។លោកបានលើកឡើងថា ទន្ទឹមនឹងនេះ ក៏មានជនឱកាសនិយម មួយចំនួនបានលួចថតចម្លងស្នាដៃម្ចាស់ដើមយកទៅលក់បន្តដោយគ្មានការអនុញ្ញាត។ មួយវិញទៀត ស្នាដៃខ្លះដែ លបាន លក់សិទ្ធិឱ្យរោងពុម្ព ឬគ្រឹះស្ថានបោះពុម្ពផ្សាយ និងចែកផ្សាយ នានា គឺទទួលបានកម្រៃទាបមិនសមាមាត្រនឹង គុណតម្លៃនៃ ស្នាដៃទាំងនោះ។
លោកបានបន្ថែមថា ៖ «ក្រសួងពាក់ព័ន្ធ ពិសេសក្រសួងវប្បធម៌ ក៏ដូចជាស្ថាប័ននានា ឬសមាគមមួយចំនួនកំពុងបំផុស និង បង្កើតឱ្យមានការប្រកួតប្រជែងស្នាដៃតែងនិពន្ធជាច្រើនរូបភាព មានដូចជា ប្រលោមលោក កំណាព្យ រឿងខ្លី ភាពយន្តជាដើម ដែលជាសញ្ញាណវិជ្ជមានមួយក្នុងការផលិតបាននូវធនធានអ្នកបន្តវេននិពន្ធថ្មីៗគួរជាទីសង្ឃឹមរបស់កម្ពុជា»។

លោក សុគន្ធ សុខា បានអះអាងថា កត្តាជំរុញឱ្យលោក ក្លាយជាគ្រូបណ្តុះបណ្តាល និងជាអ្នកដឹកនាំវ័យក្មេង ដោយ សារកត្តាជាច្រើន ដូចជា ឧបនិស្ស័យ ការអប់រំបែបថ្មី និង បេសកកម្មជីវិតជាដើម។លោកបាន បន្តថា ៖ «ទាក់ទង នឹងឧបនិស្ស័យ ខ្ញុំចូលចិត្តការបង្ហាត់បង្រៀនតាំងពីតូច ធ្លាប់បានបង្រៀនក្មេងៗជិតផ្ទះរកប្រាក់កម្រៃបានតាំងពីនៅរៀនថ្នាក់បឋមសិក្សា (រៀនទី៦ បង្រៀនគេថ្នាក់តូចជាងខ្លួនបាន)។ បង្រៀនចេញពីទឹកចិត្តស្រឡាញ់ គឺមិនសូវហត់នោះទេ។ ខ្ញុំពេញចិត្តនឹងការសិក្សាស្វែងយល់ ខំស្រាវជ្រាវ ខំមើល មេរៀនមុន ខំធ្វើប្លង់មេរៀនជាមុន ទើបអាចបង្រៀនគេកើត»។
ចំណែកការអប់រំបែបទំនើប លោក សុគន្ធ សុខា ចង់បណ្តុះ វប្បធម៌បង្រៀន និងរៀនបែបថ្មី។ ទោះបីមានកិច្ចការ សំខាន់ៗ ជាច្រើនដែលត្រូវធ្វើជាបន្ត តែការបង្រៀននៅតែជាចំណង់ ចំណូលចិត្តដែលពុំអាចមើលរំលងបាន។ លោកបានពន្យល់ថា ៖ «បង្រៀនបែបថ្មី គឺទុកសេរីភាពឱ្យសិស្ស ផ្តល់លទ្ធភាពឱ្យពួក គេអាចបញ្ចេញយោបល់ ហ៊ានឆ្ងល់ ហ៊ានសួរ ហ៊ានតវ៉ា មិនផ្តល់ សម្ពាធ បង្កបរិយាកាសរីករាយក្នុងការសិក្សា បង្រៀនឱ្យចំ ចំណុចសំខាន់ ដើម្បីឱ្យសិស្សចេះពិតប្រាកដ ហើយយកទៅ ប្រើការបាន មិនចំពោះតែការប្រឡងមួយមុខទេ»។
ដោយមានគំនិតបែបនេះ ទើបបានបង្កើតជាសាលាបង្រៀន គួរយុវគុណវុឌ្ឍិ ដែលផ្តល់សេវាអប់រំបែបថ្មីសម្រាប់សិស្សា នុសិស្ស ចាប់ពីថ្នាក់ទី៧ ដល់ទី១២ ដោយមានពាក្យស្លោកជា អត្តសញ្ញាណគឺ «សប្បាយរៀន ឆាប់ចេះ ប្រើចំណេះត្រូវ»។
រិឯបេសកកម្មជីវិត គឺលោក សុគន្ធ សុខា ចង់ចូលរួមកសាង ជាតិកម្ពុជាឱ្យក្លាយជាសង្គមពុទ្ធិដែលឱ្យតម្លៃខ្ពស់លើការបណ្តុះបណ្តាលពន្លកអ្នកបន្តវេនជំនាន់ក្រោយ និងចេះប្រើប្រាស់ កម្លាំង ថ្មីឱ្យអស់លទ្ធភាព។

លោកបានបញ្ជាក់ថា ៖ «យើងជាអ្នកត្រួសត្រាយ ស្រាស់បន្លាឆ្ការឧបសគ្គ សាងគុណតម្លៃជីវិតដោយខ្លួនឯង។ ជីវិតផ្លាស់ប្តូរត្រូវផ្តើមចេញពីចិត្តក្លាហាន ហ៊ានស្រមៃ ហ៊ានរស់។ នៅពេលដែលយើងក្លាយជាបុគ្គលឆ្នើម ឬជាមនុស្សលេចធ្លោ ទើបយើងមានឱកាស មានលទ្ធភាព មានជម្រើសច្រើន ទាំងអស់នេះនឹងនាំទៅភាពសុខចម្រើន ព្រមអាចជួយគ្រួសារ សង្គមជាតិ និងមនុស្សជាតិបាន ថែមទៀត»។
លោក សុគន្ធ សុខា បានចូលរួមបណ្តុះបណ្តាលបំណិន និយាយ ជាសាធារណៈ និងបំណិនជជែកដេញដោល មតិទៅដល់សិស្ស និស្សិតរាប់រយនាក់រួចមកហើយ ដើម្បីផ្លាស់ប្រែពី ខ្លាច ទៅ ហ៊ាន ពោលគឺ ហ៊ានគិត ហ៊ាននិយាយ ហ៊ានទទួលខុសត្រូវ លើសម្តីដែលបានបញ្ចេញ មកប្រកបដោយវិជ្ជាជីវៈ។
បំណិនទាំងពីរនេះ ជាបំណិនទន់មួយដ៏ពិសេសដែល យុវជន មួយចំនួនតូចពុំសូវចាប់អារម្មណ៍ តែយ៉ាងណាក៏បានជំរុញ ឱ្យពួកគេចាប់ផ្តើមឱ្យតម្លៃលើការនិយាយ ជាពិសេសការបង្កើត ឱ្យ បាននូវ «វប្បធម៌សន្ទនា» ទោះស្ថិតក្នុងការជជែកខ្វែង គំនិតគ្នាមែនពិត តែពុំមែនក្នុងរូបភាពជម្លោះទាស់ទែងនោះទេ បែរទៅជាទម្រង់មួយផ្សេងដោយធម៌ត្រជាក់ យកការ ដោះស្រាយ ល្អជាគោល អនុវត្តគោលការណ៍ «សន្តិសហវិជ្ជមាន» ឈានទៅរកការអភិវឌ្ឍឱ្យប្រសើរ ជាងមុន។ លោកក៏បានចូលរួមកិច្ចការងារស្មគ្រចិត្ត ការងារ សប្បុរសធម៌ជាច្រើនទៀតផងដែរ។
លោក សុគន្ធ សុខា មានទីកំណើតក្នុងរាជធានីភ្នំពេញ ហើយលោកកំពុងសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្ត ជំនាញនីតិឯកជន នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ពីឆ្នាំ ២០១៧-២០១៩ លោកជាជំនួយការព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ននេះ លោក សុគន្ធ សុខា ជាអ្នកនិពន្ធ ស្រាវជ្រាវនិងរៀបរៀង បង្កើតស្នាដៃបានជាង១០ស្នាដៃ មាន ជាប្រភេទអត្ថបទសិក្សា បទវិចារណកថា តែងសេចក្តី កំណាព្យ រឿងខ្លីជាដើម។
ក្រៅពីនេះលោកក៏ជាគ្រូឧទ្ទេសជំនាញនិយាយជាសាធារណៈ និងជជែកដេញដោលមតិនៃវិទ្យាស្ថានស៊ីអ៊ីអូ ហើយជាស្ថាបនិក និងជានាយកសាលាបង្រៀនគួរយុវគុណវុឌ្ឍិផងដែរ។
លោក សុគន្ធ សុខា បានចូលរួមចំណែកក្នុងការបង្កើតស្នាដៃ បោះពុម្ពផ្សាយសៀវភៅដូចជា តែងសេចក្តីខ្មែរ ៨ចំណងជើង សម្រាប់ថ្នាក់បឋមភូមិ និងទុតិយភូមិ ដែលត្រូវបានរក្សាសិទ្ធិ បោះពុម្ព ផ្សាយដោយបាក់ទូកថតចម្លង។ កំណាព្យ គួរចេះរិះរស់, ច្នៃជីវិត, រឿងខ្លីក្នុងសៀវភៅមន្តទឹកខ្មៅ រឿងសណ្តែកដីលីង, បទវិចារណកថា អក្ខរក្រមជីវិត៖ ហ៊ានអាច ខ្លាចអត់, សិក្សាកថា ល្បងសិក្សាការអប់រំតាម រយៈច្បាប់ល្បើកថ្មី ដែលទាំងអស់ជាស្នាដៃសហនិពន្ធ និងអត្ថបទច្បាប់ស្តីពី គោលការណ៍នៃការកំណត់ចរិត លក្ខណៈនៃលក្ខខណ្ឌស្នាដៃ ជាដើម៕ ដោយ៖ ហ៊ួន ស៊ីឡូន