ជប៉ុន កំពុងជួយបណ្តុះបណ្តាលគ្រូបង្គោលផ្នែកអគ្គិសនីកម្ពុជា ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំង
ភ្នំពេញ៖បច្ចុប្បន្នកម្ពុជាកំពុងត្រូវការអ្នកបច្ចេកទេសអគ្គិសនី ដើម្បីបម្រើការងារនៅក្នុងរោងចក្រ សហគ្រាស ស្ថាប័ន និង សំណង់អគារនានា ដែលជំនាញវិស្វកម្មដំឡើងប្រព័ន្ធ បណ្តាញ អគ្គិសនី បានក្លាយជាជំនាញចាំបាច់ចូលរួមបម្រើស្ទើរគ្រប់ វិស័យទាំងអស់នៃសង្គម និងសេដ្ឋកិច្ចកម្ពុជាផងដែរ។

ដោយមើលតម្រូវការលើជំនាញនេះ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន ឬចៃកា(JICA) បានកំពុងខិតជួយបណ្តុះ បណ្តាល គ្រូបង្គោលផ្នែកអគ្គិសនីកម្ពុជា ដើម្បីពង្រឹង សមត្ថភាព ឱ្យកាន់តែល្អប្រសើរថែមទៀតផងដែរ។
ជាក់ស្តែងបើតាមចៃកាបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រោមកិច្ចសហការរវាងការិយាល័យចៃកាកម្ពុជា និងចៃកា, ស៊ីកុគុ បានបញ្ជូនគ្រូបង្គោលផ្នែកអគ្គិសនីកម្ពុជាចំនួន៨នាក់ ដែលមកពីសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចំនួនបី មានដូចជា NPIC, NTTI, PPI ទៅចូលរួមវគ្គបណ្តុះ បណ្តាលជំនាញតម្លើងប្រព័ន្ធបណ្តាញអគ្គិសនី PLC នៅវិទ្យាស្ថានពហុបច្ចេកទេសស៊ីកុគុ ក្នុងប្រទេសជប៉ុន។
ចៃកាបានបន្តថា ៖ «ការបញ្ជូនគ្រូបង្គោលផ្នែកអគ្គិសនី កម្ពុជាទៅចូលរួមវគ្គបណ្តុះបណ្តាលនៅជប៉ុនផ្ទាល់នេះ ក្នុងគោលបំណង បង្កើនចំណេះដឹង ជំនាញពាក់ព័ន្ធនឹង បណ្តាញបច្ចេកវិទ្យា ដល់គ្រូបង្គោលនៅសាលាគោលដៅ ដើម្បីឱ្យពួកគាត់យកចំណេះដឹង និងជំនាញ បទពិសោធន៍ ដែលទទួលបានពីការបណ្តុះបណ្តាលក្នុងប្រទេសជប៉ុន មកចែករំលែក និងបង្រៀនបន្តដល់គ្រូបង្គោលដទៃ ទៀតពេល ដែលត្រឡប់មកប្រទេសកម្ពុជាវិញ»។

ទីភ្នាក់ងារដដែលនេះ បានបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាល នេះ នឹងផ្តោតសំខានលើជំនាញដំឡើងប្រព័ន្ធបណ្តាញអគ្គិសនី PLC ដែលជាកម្មវិធីគ្រប់គ្រង បញ្ជាស្វ័យប្រវត្តិ ហើយវាត្រូវបាន គេប្រើប្រាស់ដើម្បីគ្រប់គ្រងបច្ចេកវិទ្យា និងគ្រប់គ្រងដំណើរការ ចង្វាក់ផលិតកម្ម ម៉ាស៊ីន និងឧបករណ៍ក្នុងវិស័យឧស្សា ហ កម្ម។
ហេតុនេះ ចៃការំពឹងថា បន្ទាប់ពីការបណ្តុះបណ្តាលនេះរួច សិក្ខាកាមទាំងអស់ នឹងយល់ច្បាស់អំពី ទ្រឹស្តី និងចប្ចេកទេស នៃប្រព័ន្ធបណ្តាញអគ្គិសនី និងអាចបង្កើតនូវកម្មវិធីសិក្សា ដំឡើង ប្រព័ន្ធបណ្តាញអគ្គិសនី សម្រាប់ថ្នាក់បរិញ្ញាបត្រ ផងដែរ។ លើសពីនេះទៀត សិក្ខាកាមកម្ពុជា ក៏មានឱកាស ទៅទស្សនកិច្ចរោកចក្រផលិតសម្ភារអគ្គិសនី Mitsubishi នៅប្រទេសជប៉ុន ដើម្បីយល់ច្បាស់ពីច្រវាក់ផលិតកម្ម និងសកម្មភាពជាក់ស្តែងនៅក្នុងរោងចក្រថែមទៀត។
ក្រៅពីនេះភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដែរថា៖ «ក្នុងអំឡុងពេល បណ្តុះបណ្តាល សិក្ខាកាមទាំងអស់បានសិក្សាយ៉ាង យក ចិត្តទុកដាក់ និងមានសមត្ថភាពយល់ដឹងយ៉ាងច្បាស់ ដោយផ្សាភ្ជាប់នូវអ្វីដែលពួកគេបានដឹងជាមួយអ្វីដែលគេបានធ្វើ ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែល្អប្រសើរ ហើយវគ្គ បណ្តុះបណ្តាលនេះបានធ្វើឱ្យពួកគេមានសម្ថភាពស្វែងរកកំហុស និងបង្កើនជំនាញដោះស្រាយបញ្ហាជាដើម»។
ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើង កាលពីពេលថ្មីៗ ដែរថា ពីមួយឆ្នាំទៅមួយឆ្នាំចំនួនសិស្សនិស្សិត មានការកើន ឡើងនៅតាមបណ្តាសាលាបណ្ដុះបណ្ដាលទាំងវិស័យរដ្ឋនិងឯកជន លើជំនាញវិស្វកម្ម។
ប៉ុន្តែឯកឧត្តមថា ទោះជាយុវជន ចាប់អារម្មណ៍ច្រើនលើ ផ្នែកនេះ ក៏កម្ពុជាត្រូវការនូវកម្លាំងពលកម្មដែលមាន ជំនាញ វិស្វកម្ម និងវិជ្ជាជីវៈបច្ចេកទេស រួមទាំងជំនាញដំឡើងប្រព័ន្ធ បណ្តាញអគ្គិសនី ជាច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបនិងទីផ្សារ ការងារ ក្នុងវិស័យសំណង់បច្ចុប្បន្នផងដែរ។
គួររំលឹកផងដែរថា ចៃកាគឺជាដៃគូអភិវឌ្ឍដ៏សំខាន់ មួយ ក្នុងការពង្រឹងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងប្រទេសកម្ពុជា។

កន្លងមកចៃកាបានផ្តល់នូវជំនួយជាច្រើនក្នុងវិស័យនេះ រួមមាន ជំនួយបច្ចេកទេស ការបញ្ជូនអ្នកស្ម័គ្រចិត្ត និងជំនាញ ការទៅធ្វើការជាមួយវិទ្យាស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងក្រសួងការងារ ដោយផ្តល់នូវសម្ភារ អភិវឌ្ឍកញ្ចប់កម្មវិធី សិក្សា ស្តង់ដារ សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ផ្នែកអគ្គិសនី និងជំនួយផ្សេងៗទៀត។
បើតាមការសិក្សារបស់ចៃកាដែលធ្វើការនៅកម្ពុជា កាលពី ពេលថ្មីៗនេះ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៨-២០២០ កម្ពុជាត្រូវមានកម្លាំងវិស្វករប្រមាណ ៣៥ ០០០នាក់ សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ និងអចលនទ្រព្យ ក្នុងប្រទេសរបស់ខ្លួន។
ហេតុនេះ ចៃកា ក៏បានប្តេជ្ញានឹងបង្កើនការផ្សព្វផ្សាយឱ្យ បាន ទូលំទូលាយដល់វិស្វករទាំងអស់នៅកម្ពុជា ដើម្បីឈាន ទៅទទួលបាននូវការបណ្តុះបណ្តាលពង្រឹងសមត្ថភាព បច្ចេកទេសគ្រប់ជំនាញ និងពង្រីកធនធានមនុស្ស ក្នុង ការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈរបស់ខ្លួនកាន់តែរឹងមាំ ដើម្បីបង្កើនកម្លាំងពលកម្មវិស្វករជំនាញកម្ពុជាឲ្យកាន់តែច្រើន និងមានគុណភាពខ្ពស់ថែមទៀត៕
ដោយ៖បូរ ពេជ្រហ្សាលីន