ក្រសួងទេសចរណ៍មានផែនការដាក់ទីក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដើម្បីទាក់ទាញទេសចរ
ភ្នំពេញ៖ ក្រសួងទេសចរណ៍មានផែនការក្នុងការរៀបចំទីក្រុង កំពតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដំបូងគេបង្អស់នៅ ប្រទេសកម្ពុជា សំដៅធ្វើឱ្យខេត្តកំពតក្លាយជាគោលដៅ ទេសចរណ៍ស្អាត បៃតង និងមានសុវត្ថិភាព និងជាគោលដៅនៃ ការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗនាពេលអនាគត។
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំស្តីពីផែនការអនុវត្តគោលការណ៍ណែនាំស្តីពីការរៀបចំទីក្រុងកំពត ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី កាលពីថ្ងៃទី២៨ ខែធ្នូ នៅទីរួមខេត្តកំពត។លោកបន្តថា កិច្ចប្រជុំនាពេលនេះ គឺមានគោលបំណង ជួយលើកកម្ពស់ការ យល់ដឹង និងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ផ្នែក ទាំងអស់ ដើម្បីការពារសុខុមាលភាពរបស់ប្រជាជន ភ្ញៀវ ទេសចរ ការពារ និងទប់ស្កាត់ ការរងផ្សែង ផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងបរិស្ថាន។
ឯកឧត្តម ហោ សារុន បានបន្ថែមថា ដើម្បីកាត់បន្ថយផល ប៉ះពាល់ ដល់សុខភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែល បណ្តាលមកពីផលិតផលថ្នាំជក់ តាមរយៈការផ្សព្វផ្សាយ និងការជំរុញអនុវត្តច្បាប់ ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិនានា សេចក្តីណែនាំ ស្តីពី បរិស្ថាន គ្មានផ្សែងបារី ដល់ម្ចាស់មូលដ្ឋាន អាជីវកម្មសេវាកម្ម ទេសចរណ៍ ទូទាំងព្រះរាជាណាចក្រកម្ពុជា និងជា ពិសេស គឺជំរុញទីក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។
ឯកឧត្តមបានបញ្ជាក់ថា ៖ «កិច្ចប្រជុំ នឹងជួយទាញការចាប់ អារម្មណ៍របស់យើងទាំងអស់គ្នាឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការកសាងបរិស្ថានមួយ ដែលគ្មានផ្សែងបារី ដើម្បីខេត្តកំពតរបស់យើង ក្លាយជាគោលដៅទេសចរណ៍ស្អាត បៃតង និងមានសុវត្ថិភាព និងជាគោលដៅនៃការរៀបចំ ព្រឹត្តិការណ៍ ជាតិ និងអន្តរជាតិធំៗ ជាពិសេសពិធីបុណ្យសមុទ្រ ដែលនឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំបន្តបន្ទាប់តាមរង្វិលជុំ»។
រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះបានគូសបញ្ជាក់ថា ដើម្បីជំរុញទីក្រុងកំពតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី យើងត្រូវចូលរួមអនុវត្តតាមផែនការអនុវត្ត គោលការណ៍ ណែនាំស្តីពីការរៀបចំទីក្រុងកំពតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។
ឯកឧត្តមក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ និងសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមយ៉ាងសកម្មក្នុងការចុះ បិទស្លាកសញ្ញា និងលើកផ្លាកសញ្ញាស្តីពីការហាមជក់បារី និងបារីអេឡិកត្រូនិក នៅតាមទីផ្សារ និងទីកន្លែងហាម ឃាត់ ដទៃ ទៀតផងដែរ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិកកម្ពុជាបានលើកឡើងថា វាជាគំនិតផ្តួចផ្តើម មួយដ៏ល្អ របស់ក្រសួងក្នុងលើកកម្ពស់មុខមាត់ទីក្រុងកំពតដើម្បីទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនចូលមក ទស្សនា ជាពិសេសយុទ្ធនាការនេះនិងចូលរួមចំណែក ដល់ ការលើកកម្ពស់សុខមាលភាពភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ផងដែរ។
លោកបានថ្លែងថា ៖ «ខ្ញុំគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ បើសិន ជាយើងអនុវត្តន៍បាន វាជាការបោះជំហានថ្មី មួយទៀតក្នុង វិស័យ ទេស ចរណ៍របស់ប្រទេសកម្ពុជាយើង ក្នុងការចូលរួម ចំណែកកាត់បន្ថយការជក់បារីដែលបង្កនូវផលប៉ះពាល់សុខភាពនិងការខាត់បង់នូវប្រាក់លើការព្យាលបាលជំងឺនានាដែលបង្កពីការជក់បារីនេះយ៉ាងច្រើនក្នុងមួយឆ្នាំៗ»។
បើយោងតាមក្រសួងទេសចរណ៍នៅខែក្រោយនេះក្រុមការងារបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ នឹងវាយតម្លៃ ការអនុវត្តបរិស្ថានគ្មានផ្សែងបារី នៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍នានា ក្នុងក្រុងកំពត ដើម្បីរៀបចំ បែបបទពេញលេញក្នុងការបញ្ចូលទីក្រុងកំពត ជាទីក្រុង ទេសចរណ៍គ្មានផ្សែងបារី និងទទួលស្គាល់ ពីសម្ព័ន្ធត្រួតពិនិត្យ ថ្នាំជក់អាស៊ីអាគ្នេយ៍ផងដែរ៕
ដោយ៖យុទ្ធ វីរៈ