អភិបាលរាជធានី អរគុណចំពោះអាជ្ញាធរខណ្ឌនិងគណៈកម្មការផ្សារដែលបានយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាជ្ញាធរខណ្ឌទាំង១៤និងប្រធានផ្សារទាំងអស់ដែលបានយកចិត្តទុកដាក់និងយកអស់កម្លាំងកាយចិត្តក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩ រហូតបើកសេដ្ឋកិច្ចប្រទេសអោយដំណើរការជា ប្រក្រតីឡើងវិញ រហូតមកដល់ពេលនេះ។
ការកោតសរសើរបែបនេះរបស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានធ្វើឡើង ខណៈលោកដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងារ នៃការគ្រប់គ្រងផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤និងប្រធានផ្សាររដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ អាជ្ញាធរខណ្ឌទាំង១៤និងប្រធានគណៈកម្មការផ្សាររដ្ឋក្នុងរាជធានីភ្នំពេញទាំង បានលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដោយមិនខ្វល់ថាជាពេលយប់ឬថ្ងៃឡើយ សំខាន់ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ អាជីវករបានឆ្លងផុតពីជម្ងឺដ៏កាចសាហាវនេះ ។ អ្វីដែលជាការខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ពីសំណាក់អាជ្ញាធរនិងគណៈកម្មការផ្សារនេះទើបធ្វើអោយយើងអាចបើកសេដ្ឋកិច្ចប្រទេសអោយដំណើរការជា ប្រក្រតីឡើងវិញ។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ផ្សារក្នុងរាជធានីភ្នំពេញ មានចំនួន២៥ផ្សារ ហើយក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ គណៈកម្មការផ្សារ
បានដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជម្ងឺដ៏កាចសាហាវនេះ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ


