អ៊ូសបេគីស្ថាន៖ កុមារ ១៨នាក់បានស្លាប់ បន្ទាប់ពីទទួលទាន ទឹកស៊ីរ៉ូផលិតនៅឥណ្ឌា
តាស្កិន៖ ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ូសបេគីស្ថាន បានអះអាងកាលពីថ្ងៃអង្គារថា កុមារយ៉ាងហោចណាស់ ១៨ នាក់ បានស្លាប់ បន្ទាប់ពីទទួលទានទឹកស៊ីរ៉ូផលិតដោយ ក្រុមហ៊ុន ផលិតថ្នាំឥណ្ឌា Marion Biotech Pvt Ltd។
ក្រសួងដដែលនេះបាននិយាយថា កុមារចំនួន ២១ នាក់ បានទឹកស៊ីរ៉ូ Doc-1 Max ពេលមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ហើយ ១៨ នាក់បានស្លាប់បន្ទាប់ពីទទួលទានរួច។
ទឹកស៊ីរ៉ូ Doc-1 Max មានលក់នៅលើគេហទំព័ររបស់ ក្រុមហ៊ុនផលិត ថាប្រើសម្រាប់ព្យាបាលគ្រុនផ្តាសាយ និងនាំចូលទៅអ៊ូសបេគីស្ថានដោយក្រុមហ៊ុន Quramax Medical LLC។ ក្រសួងសុខាភិបាលអ៊ូសបេគីស្ថានបានអះអាងថា វាមានផ្ទុក សារធាតុ Ethylene glycol ដែលជាសារធាតុពុល។
ក្រសួងបានគូសបញ្ជាក់ថា អាណាព្យាបាលកុមាររងគ្រោះ បានឱ្យពួកគេផឹក ទាំងគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ ដោយ គ្រាន់តែធ្វើតាមការណែនាំរបស់ឱសថការី និងក្នុងកម្រិត លើសពីកម្រិតស្តង់ដារសម្រាប់កុមារ។
មិនត្រឹមតែប៉ុណ្ណេះ ក្រសួងសុខាភិបាលអ៊ូសបេគីស្ថានបាន និយាយផងដែរថា ខ្លួនបានបណ្តេញនិយោជិតសុខាភិបាល ចំនួនប្រាំពីរនាក់ ពីបទធ្វេសប្រហែស មិនបានវិភាគការស្លាប់ ឱ្យទាន់ពេលវេលា និងមិនបានចាត់វិធានការចាំបាច់។
ក្រសួងលើកឡើងថា ខ្លួនបានចាត់វិធានការវិន័យប្រឆាំងនឹង «អ្នកឯកទេស» មួយចំនួន ដោយមិនបានបញ្ជាក់ថាតើអ្នក ឯកទេសមានតួនាទីអ្វីនោះទេ ខណៈប្រកាសដកទឹកស៊ីរ៉ូ Doc-1 Max ពីឱសថស្ថានទាំងអស់ក្នុងប្រទេស។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីក្រសួងសុខាភិបាលឥណ្ឌាបាន និយាយថា ខ្លួនបានដឹងពីការរាយការណ៍របស់អ៊ូសបេគីស្ថាន ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីនោះទេ។ នេះបើយោងតាមកាសែតឥណ្ឌា Hindu ចុះផ្សាយនៅថ្ងៃពុធទី ២៨ ខែធ្នូ។
កាលពីថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ ថា ឥណ្ឌាបានចាប់ផ្តើមការត្រួតពិនិត្យរោងចក្រផលិតថ្នាំ មួយចំនួននៅទូទាំងប្រទេស ដើម្បីធានាបាននូវស្តង់ដារ គុណភាពខ្ពស់លើផលិតផលឱសថរបស់ខ្លួន។
ព័ត៌មានស្ដីពីការស្លាប់របស់កុមារអ៊ូសបេគីស្ថានកើតឡើង បន្ទាប់ ពីមានស្ដីរាយការណ៍ពីប្រទេសហ្កាំប៊ីថា កុមារយ៉ាង ហោចណាស់ ៧០ នាក់ត្រូវបានស្លាប់ដោយសារផឹក ទឹក ស៊ីរ៉ូបំបាត់ក្អក និងគ្រុនផ្ដាសាយ ដែលផលិត ដោយក្រុម ហ៊ុនឥណ្ឌា Maiden Pharmaceuticals Ltd។
ទន្ទឹមនេះដែរទាំងក្រុមហ៊ុន Maiden Pharma និង រដ្ឋាភិបាលឥណ្ឌា សុទ្ធតែបដិសេធថាថ្នាំរបស់ខ្លួនគ្មាន កំហុសបង្កឱ្យក្មេងស្លាប់នោះទេ ទោះបីជាអង្គការសុខភាព ពិភពលោក (WHO) បានដកអាជ្ញាប័ណ្ណនាំចេញថ្នាំ របស់ក្រុមហ៊ុន Maiden Pharma ក៏ដោយ។
ឥណ្ឌាត្រូវបានគេស្គាល់ថាជា «ឱសថស្ថាននៃពិភពលោក» ហើយការនាំចេញឱសថរបស់ប្រទេសនេះបានកើនឡើងច្រើនជាង២ដងក្នុងទសវត្សរ៍កន្លងមក រហូតដល់ ២៤,៥ ប៊ីលាន ដុល្លារ ក្នុងឆ្នាំសារពើពន្ធកន្លងមក៕
ដោយ៖ហួន ឌីណា
ប្រភព៖ Uzbekistan says 18 children die after consuming India-made syrup