សម្តេចតេជោ ហ៊ុន សែន ចេញសារពិសេស ដោយសម្រេចដាក់ចេញផែនការចាក់វ៉ាក់សាំងដូសជំរុញ ចំនួន ៣ចំណុច
ភ្នំពេញ៖ នៅយប់ថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២២ តាមរយៈសារសម្លេងពិសេសផ្ញើជូនបងប្អូនជនរួមជាតិទូទាំងប្រទេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារពិសេសមួយ ដោយសម្រេចដាក់ចេញផែនការចាក់វ៉ាក់សាំងដូសជំរុញ ចំនួន ៣ចំណុច ។
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដែរថា ការចាក់វ៉ាក់សាំង គឺជាវិធានការដ៏ចាំបាច់ ដើម្បីការពារការរាតត្បាតជំងឺកូវីដ១៩ និងការពារសុខភាពប្រជាពលរដ្ឋពីជំងឺរាតត្បាតសាកលមួយនេះ។ សម្តេច បានបញ្ជាក់ថា វ៉ាក់សាំងជាជម្រើសតែមួយគត់ ដែលជួយយើងកាត់បន្ថយការឆ្លង ឬការឆ្លងហើយតែមិននាំទៅដល់សភាពធ្ងន់ធ្ងរ។ ឈរលើស្មារតីខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញផែនការចាក់វ៉ាក់សាំងដូសជំរុញដូចជា៖
១៖ ចាក់ដូសជំរុញទី៤ ដល់កុមារអាយុពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ។
២៖ ចាក់ដូសជំរុញទី៥ ដល់កុមារអាយុពី ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ។
៣៖ ចាក់ដូសជំរុញទី៦ មន្ត្រីរាជការជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ផែនការចាក់ដូសជំរុញខាងលើនេះ គឺជាការរៀបចំ ដើម្បីធានាសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេច ក៏បានឯកភាពចេញជាគោលការណ៍លើការចាក់ដូសជំរុញបន្តបន្ទាប់ ដោយធ្វើជារៀងរាល់៦ខែម្តង។ សម្តេច បានបន្តថា ការធ្វើបែបនេះ ទើបធានាដល់ភាពស៊ាំសហគមន៍រឹងមាំ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមិនទាន់បានទទួលដូសជំរុញទី៣ ទី៤ ទី៥ និងទី៦ ឱ្យនាំគ្នាទៅទទួលយកដូសជំរុញតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ សម្តេច ក៏បានណែនាំឱ្យគណៈកម្មការចំពោះកិច្ចរៀបចំផែនការផ្តល់វ៉ាក់សាំងដូសជំរុញ តាមការណែនាំខាងលើនេះ ដើម្បីធានាដល់ក្រវាត់ការពារសុខភាពពលរដ្ឋពីជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ពេលនេះកង្វល់របស់សម្តេច ក៏ដូចជារាជរដ្ឋាភិបាលមិនមែនរឿងខ្វះវ៉ាក់សាំងទេ តែបារម្ភខ្លាចពលរដ្ឋមិនមកទទួលវ៉ាក់សាំង។ ទោះជាយ៉ាងណា សម្តេចមានការជឿជាក់ថា កុមារនឹងនាំគ្នាមកទទួលវ៉ាក់សាំងដូសជំរុញ តាមផែនការដូចបានបញ្ជាក់ខាងលើ។ បើតាមសម្តេចតេជោ បច្ចុប្បន្ន កម្ពុជាមានវ៉ាក់សាំង ៧លានដូសនៅក្នុងឃ្លាំង និងមិនទាន់នាំចូលជាច្រើនលានដូសទៀត។ ដូច្នេះកម្ពុជា មិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះឡើយ ៕ ដោយ ៖ វណ្ណលុក