សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ប្រចាំនៅកម្ពុជា ដែលបានចូលរួមរំលែកមរណទុក្ខ និងសោកស្ដាយចំពោះករណីឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ប្រចាំនៅកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី បានចូលរួមសោកស្តាយ និងរំលែកនូវមរណៈទុកចំពោះជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារគ្រោះអគ្គិភ័យឆេះអគារកាស៊ីណូ ហ្គ្រេនដាយមិន ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរដល់កម្ពុជា ដែលបានធ្វើជាប្រធានប្តូរវេនទទួលរៀបចំព្រឹត្តិការណ៍ប្រជុំកំពូលអាស៊ានប្រកបដោយភាពជោគជ័យ ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា ភ្នាក់ងារអនុវត្តច្បាប់រុស្សីបានធ្វើការងារយ៉ាងជិតស្និតជាមួយភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជា ដែលក្នុងនោះមានកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាលដល់មន្ត្រីនគរបាលជាតិកម្ពុជានៅប្រទេសរុស្សី ក្នុងវិស័យសន្តិសុខផ្សេងៗ ដែលរួមមាន ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើភេវរកម្ម ការប្រឆាំងសកម្មភាពជ្រុលនិយម និងការប្រឆាំងការលាងលុយកខ្វក់ (គ្រីតូ) ផងដែរ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត ជម្រាបជូនសម្តេចក្រឡាហោមថា នៅឆ្នាំថ្មីខាងមុខនេះ ប្រទេសរុស្សី មានគម្រោងនឹងរៀបចំនូវវគ្គបណ្តុះបណ្តាលថ្មី ព្រមទាំងនឹងត្រៀមទទួលមន្ត្រីនគរបាលរបស់ភាគីកម្ពុជាឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ ដល់ប្រទេសរុស្ស៊ី ដែលបានជួយបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិកម្ពុជា។ ពាក់ព័ន្ធទៅនិងលាងលុយកខ្វក់តាមរយៈរូបិយប័ណ្ណនិម្មិតគ្រីតូនេះដែរ សម្ដេចក្រឡាហោម ក៏បានលើកឡើងថា ការប្រើប្រាស់រូបិយប័ណ្ណនិម្មិតគ្រីតូ ដូចដែលភាគីរុស្ស៊ីកំពុងព្រួយបារម្ភ គឺជាបញ្ហាទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ព្រោះជនល្មើសប្រើវិធីនេះដើម្បីលាងលុយកខ្វក់ និងប្រព្រឹត្តបទល្មើសឆ្លងដែន។ ដោយឡែកចំពោះឯកសារនៃកិច្ចសហប្រតិបត្តិការដែលនៅសេសសល់ សម្ដេចសន្យាថានឹងជំរុញមន្រ្តីពាក់ព័ន្ធធ្វើយ៉ាងណាឱ្យការងារនេះ មានវឌ្ឍនភាពបានលឿនផងដែរ ៕ ដោយ-រ៉ាវុធ


