ឯកឧត្តម ណុប ចាន់ណារិន្ទ ជម្រាបជូនស្ត្រីសមាជិកគណបក្សប្រជាជនកម្ពុជា ៖ ការពិនិត្យ និងការចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២បានបញ្ចប់ យើងនៅតែទៅបោះឆ្នោតឆ្នាំ២០២៣ នេះតែប៉ុណ្ណោះ
ភ្នំពេញ៖ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមការងារគណ:បក្សចុះជួយសង្កាត់ផ្សារថ្មី១ បានជួបសំណេះសំណាលសួរសុខទុក្ខស្ត្រី ជាសមាជិកាគណ:បក្សប្រជាជនកម្ពុជានៅតាមភូមិ និងបងប្អូនដែលប្រកបរបរសេដ្ឋកិច្ចប្រព័ន្ធ នៅតាមលំនៅដ្ឋាន ដើម្បីពិគ្រោះយោបល់អំពីការទ្រទ្រង់មុខរបរ និងជីវភាពប្រចាំថ្ងៃ ។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់ លោក ប៉ែន សារឿន ប្រធានគណបក្សសង្កាត់ និងការពិភាក្សាយ៉ាងយកចិត្តទុកដាក់រួចមក ឯកឧត្តម ណុប ចាន់ណារិន្ទ បានកត់សម្គាល់ឃើញថា ប្រជាជន និងបងប្អូនជាស្ត្រីប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទាំងអស់ ដោយគិតទាំងអ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងមូលដ្ឋានសង្កាត់ និងអ្នកស្នាក់នៅក្រៅមូលដ្ឋាន សង្កាត់ផ្សារថ្មី១ មានជីវភាពសមរម្យ និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បានល្អ ពិសេសបានទៅពិនិត្យ និងទៅចុះឈ្មោះ គឹបានឃើញនូវភាពត្រឹមត្រូវរួចហើយ ។ តែអ្វីដែលសំខាន់ដើម្បីបន្តអនុវត្ត នៅតែការទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ តែប៉ុណ្ណោះ ដើម្បីជ្រើសតាំងតំណាងរាស្ត្រ ដែលបងប្អូនមានសេចក្តីទុកចិត្ត សម្រាប់ដឹកនាំប្រទេស ការពារសន្តិភាព និងបន្តការអភិវឌ្ឍន៍គ្រប់វិស័យ ។

ឯកឧត្តម ណុប ចាន់ណារិន្ទ ពាំនាំនូវការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្តាំផ្ញើជូនប្រជាពលរដ្ឋប្រកបដោយក្តីនឹករលឹក បើទោះជានៅកាល:ទេស:ណាក៏ដោយសម្តេចទាំងទ្វេរមិនដែលភ្លេចពិសេចក្តីសុខទុក្ខរបស់បងប្អូននោះឡើយ ។

ជាភាពកក់ក្តៅរបស់ប្រជាពលរដ្ឋមួយទៀត នៅរយ:ពេលពេញមួយឆ្នាំ២០២២កន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានតាមដានយ៉ាងយកចិត្តទុកដាក់អំពីការវិវត្តឥតឈប់ឈររបស់ប្រទេសជាតិ ពិសេសការទប់ស្កាត់នៃជំងឺឆ្លងកូវីដ-១៩ និងភាពល្បីរន្ទឺនៃប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ខណៈ:ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ( ជាប្រធានអាស៊ាន ) និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធជាច្រើន ទៀតបានដោយជោជ័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាន ។

ឯកឧត្តម ណុប ចាន់ណារិន្ទ បន្តថា៖ សមិទ្ធិផលដ៏ធំធេងនេះ កាន់តែបានជំរុញឲ្យទឹកចិត្តប្រជាជនកម្ពុជា កាន់តែមានជំនឿជឿជាក់ និងផ្តល់សេចក្តីស្រឡាញ់គាំទ្រដល់ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កាន់តែខ្លាំងទ្វេរឡើងថែមទៀត ។ ក្នុងនោះក៏បានធ្វើឲ្យសតិអារម្មណ៍នយោបាយរបស់ក្រុមនៃពួកពណ៌ប្រផេះ និងពួកពណ៌ក្រហម បានប្រែពណ៌ជាបណ្តើរៗ មកលើការដឹកនាំ របស់សម្តេច ដែលបានកើតចេញពីញើសឈាមដ៏បរិសុទ្ធ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុប្រទេសជាតិ ប្រជាជនកម្ពុជាមួយនេះ មានសុខសន្តិភាព មានការអភិវឌ្ឍ បន្ទាប់ពីកម្ពុជាបានបាត់បង់អស់រយ:ពេល៥០០ឆ្នាំកន្លងទៅ ។

ជាមួយនឹងការជួបជុំសំណេះ នៃគ្រួសារគណ:ប្រប្រជាជនកម្ពុជានៅមូលដ្ឋានសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ឯកឧក្តម ណុប ចាន់ណារិន្ទ និងលោក ប៉ែន សារឿន បានចែកជូនវត្ថុកំដរដៃ ជាការឧបត្ថម្ភផ្ទាល់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណ:បក្សប្រជាជនកម្ពុជា រួមមានអង្ករ ថវិកា មួយចំនួនផងដែរ ៕