ខេត្តពោធិ៍សាត់ បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅអនុវិទ្យាល័យពោធិ៍សាត់

ពោធិ៍សាត់៖ ខេត្តពោធិ៍សាត់ មានរៀបចំកម្មវិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២ ២០២៣ នៅអនុវិទ្យាល័យពោធិ៍សាត់ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពនានា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាង ៥០០០នាក់ មកពីសាលាចំនួន០៣ គឺសាលាបឋមសិក្សាពោធិ៍សាត់ អនុវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យពោធិ៍សាត់។

ក្នុងឱកាសនេះ ឯកឧត្តម ខូយ រីដា បានអានសាលិខិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានខ្លឹមសារជាអាទិ៍ថា៖ ក្រសួងអប់រំយុវជននិងកីឡា បានកំណត់យកថ្ងៃទី០២ខែមករាឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ចៅៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀនក្នុង ឆ្នាំសិក្សាថ្មីរបស់ក្មួយៗ ចៅៗ ជាសិស្សានុសិស្ស ជាកុលបុត្រ កុលធីតា ជាទីស្រលាញ់របស់យើងគ្រប់ៗគ្នា នៅក្នុងគន្លងប្រក្រតីថ្មីនៃវិស័យអប់រំ។

ដើម្បីឲ្យដំណើរការឆ្នាំសិក្សាថ្មី២០២២ ២០២៣នេះ ទទួលបានលទ្ធផលល្អប្រសើរ តាមការគ្រោងទុក សម្ដេចបានលើកឡើង នូវចំណុចសំខាន់ៗចំនួន ១៣ចំណុច ដែលត្រូវអនុវត្ត ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានឧបត្ថម្ភកម្មវិធីចំនួន ២លានរៀល ឧបត្ថម្ភសម្រាប់បង្រៀនសិស្សបំប៉នបន្ថែមចំនួន ៤លានរៀន និងមានការជូនលិខិតសរសើរដល់លោកគ្រូអ្នកគ្រូផងដែរ ៕ ដោយ ចេង ពុំ

ads banner