មេបញ្ជាការសឹករងកំពង់ធំ ដាក់ទិសដៅរៀបចំពិធីបុណ្យជាតិ ៧មករា ខួបលើកទី៤៤ ឱ្យបានអធិកអធម ព្រោះមានថ្ងៃមហាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៤ បានដាក់ទិសដៅរៀបចំពិធីបុណ្យជាតិ៧មករា ខួបលើកទី៤៤ ឱ្យបានអធិកអធម ព្រោះមានថ្ងៃមហាជ័យជំនះ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងដូចនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែធ្នូ ឆ្នាំ២០២២ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តខែមករា ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ។

លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ រាយកាណ៍បូកសរុប លទ្ធផលការងារយោធាសន្តិសុខ ដែលអង្គភាពម្ចាស់ការ និងសហការ ក្នុងការអនុវត្តបានក្នុងខែធ្នូ ឆ្នាំ២០២២កន្លងទៅ និងវាយតម្លៃ អំពីចំណុចខ្លាំង ចំណុចខ្សោយ និងបទពិសោធន៍ដែលបានអនុវត្តល្អ និងមិនបានល្អ ក្នុងរយៈពេលកន្លងមក ដើម្បីមានវិធានការក្នុងការកែលម្អ សម្រាប់ទិសដៅអនុវត្តបន្ត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាព ស្ថាប័នចំណុះ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលបានបញ្ចេញអស់កម្លាំងកាយចិត្ត ក្នុងការបំពេញតួនាទីភារកិច្ច បម្រើអង្គភាព តាមផែនការដែលថ្នាក់លើបានប្រគល់ជូន ។

មេបញ្ជាការសឹករងកំពង់ធំ បានដាក់ចេញនូវទិសដៅ អនុវត្តបន្តក្នុងខែមករា ឆ្នាំ២០២៣ រួមមាន ទី១ ប្រុងប្រៀបការរៀបចំពិធីបុណ្យជាតិ៧មករា ខួបលើកទី៤៤ ឱ្យបានអធិកអធ័ម ព្រោះមានថ្ងៃមហាជ័យជំនះ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ។ ទី២ ប្រុងប្រៀបក្រុមការងារ និងក្រុមគ្រូពេទ្យ ដើម្បីបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦ ជូនដល់យោធិន គ្រួសារយោធិន និងអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ ឲ្យបានគ្រប់ៗគ្នា។ ទី៣ ចូលរួមអនុវត្ត គោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព នៅតាមមូលដ្ឋាន ។ ទី៤ អនុវត្តនូវខ្លឹមសារប្រឡងប្រណាំងទាំង៥ ដែលបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានដាក់ចេញ ការងារកសាងអង្គភាព រឹងមាំលើគ្រប់វិស័យ អនុវត្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដោះស្រាយជីវភាព ។ ទី៥ សកម្មភាពបម្រើបងប្អូនអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាត នៅតាមមូលដ្ឋាននីមួយៗ ដោយត្រូវអនុវត្ត ឱ្យបាននូវទិសស្លោក កងទ័ពជាកូនចៅរបស់ប្រជាជន នឹងធ្វើអ្វីៗ គ្រប់យ៉ាង ដើម្បីប្រជាជន ៕ ដោយ ប៊ុន រដ្ឋា

ads banner