ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីតារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សប្រចាំខែ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីតារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សប្រចាំខែ។
យោងតាមអនុក្រឹត្យ ស្តីពីតារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្យជាប់ពន្ធប្រចាំខែ ដែលទើបទទួលបាន ដោយយោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា អនុលោមតាមមាត្រា២០ ថ្មី (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ ប្រាក់ចំណូលជាប់ពន្ធដែលសម្រេចបានដោយ រូបវន្តបុគ្គល សហត្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនសហកម្មសិទ្ធិដែលមិនត្រូវបានចាត់ទុកជានីតិបុគ្គល ត្រូវជាប់ពន្ធលើប្រាក់ចំណូល តាមអត្រាកំណើនតាមថ្នាក់ដូចមានចែងក្នុងតារាងខាងក្រោម៖
ភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ៖ ចាប់ពី ០រៀល ដល់ ១៨ ០០០ ០០០រៀល អត្រាពន្ធ 0%។ ចាប់ពី ១៨ ០០០ ០០១រៀល ដល់ ២៤ ០០០ ០០០រៀល អត្រាពន្ធ ៥%។ ចាប់ពី ២៤ ០០០ ០០១រៀល ដល់ ១០២ ០០០ ០០០រៀល អត្រាពន្ធ ១០%។ ចាប់ពី ១០២ ០០០ ០០១រៀល ដល់ ១៥០ ០០០ ០០០រៀល អត្រាពន្ធ ១៥% និងលើសពី ១៥០ ០០០ ០០០រៀល អត្រាពន្ធ ២០%។
ដោយឡែក អនុលោមតាមមាត្រា៤៧ថ្មី (បី) នៃច្បាប់ស្តីពីសារពើពន្ធ និយោជិតនិវាសនជនត្រូវជាប់ពន្ធលើប្រាក់បៀវត្ស ប្រចាំខែ និងត្រូវបានកាត់ទុកដោយនិយោជកតាមអត្រាកំណើនតាមថ្នាក់ដូចមានចែងក្នុងតារាងខាងក្រោម ៖
ភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ៖ ចាប់ពី ០រៀល ដល់ ១ ៥០០ ០០០រៀល អត្រាពន្ធ ០%។ ចាប់ពី ១ ៥០០ ០០១រៀល ដល់ ២ ០០០ ០០០រៀល អត្រាពន្ធ ៥%។ ចាប់ពី ២ ០០០ ០០១រៀល ដល់ ៨ ៥០០ ០០០រៀល អត្រាពន្ធ ១០%។ ចាប់ពី ៨ ៥០០ ០០១រៀល ដល់ ១២ ៥០០ ០០០រៀល អត្រាពន្ធ ១៥% និងលើសពី ១២ ៥០០ ០០០រៀល អត្រាពន្ធ ២០% ៕ ដោយ វណ្ណលុក