ក្រសួងជំនាញលើកទឹកចិត្តអ្នកពាក់ព័ន្ធចូលរួមរៀនសូត្រជំនាញគេហកិច្ច ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងទេសចរណ៍ជំរុញឱ្យអ្នកផ្ដល់សេវាទេសចរណ៍ចូលរួម រៀនសូត្រជំនាញគេហកិច្ច ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម នានា ដើម្បីទាក់ទាញទេសចរ។ ក្រសួងបានឱ្យដឹងថាអ្នកដែលអាច ចូលរួម វគ្គ បណ្ដុះបណ្ដាលជំនាញនេះបានរួមមាន បុគ្គលិកបម្រើការងារក្នុង វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករ ទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្ម ទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនក៏អាចចុះ ឈ្មោះ ចូលរៀនបានដែរ។

មន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថាវគ្គបណ្តុះបណ្តាលជំនាញគេហកិច្ចត្រូវធ្វើឡើងដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងចូលរួមជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យឆ្លើយតបទាំងបរិមាណ និងគុណភាព។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការ អភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ថ្លែងថា វគ្គបណ្តុះបណ្តាលនេះ រៀបចំដើម្បី ជំរុញនិងលើកកម្ពស់សេវាកម្មទេចរណ៍ឱ្យមានភាពប្រសើរឡើង។

ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រី ឆាយ ស៊ីវលីន ថ្លែងថា ការបណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍ គឺជារឿង មួយត្រឹមត្រូវ និងឆ្លើយតបទៅនឹងទីផ្សារដែលនឹងមានការកើន ឡើង ក្រោយវិបត្តិនៃជំងឺកូវីដ ១៩ ជាពិសេសត្រូវពង្រឹង និងពង្រីកដល់ សិក្ខាកាម ចាប់យកបច្ចេកវិទ្យា និងការប្រើប្រាស់ឌីជីថល ។

លោកស្រីបន្តថា បច្ចុប្បន្ននេះ គឺជាសម័យបច្ចេកវិទ្យា និងឌីជីថល ដែលតម្រូវ ឱ្យមានជំនាញ និងតាមឱ្យបានជាប់ ពីព្រោះពិភពលោក បាន រំកិលខ្លួនបានរំកិលខ្លួនបានមួយជំហ៊ានរួចហើយ ។ដូច្នេះ កម្ពុជា ត្រូវ រត់ចាប់ឱ្យទាន់ពិភពលោក ដើម្បីអាចទាញទាញភ្ញៀវទេសចរ នៅក្នុងតំបន់អាស៊ាន និងពិភពលោកផងដែរ។

លោកស្រីថ្លែងថា៖ « បច្ចុប្បន្ននេះ អ្វីៗ គឺគេពឹងពាក់លើបច្ចេកវិទ្យា ទាំងការផ្សព្វផ្សាយ ទាំងការលក់ ទាងការកក់ ទាំងសេវាកម្មនានា គឺបច្ចេកវិទ្យា គឺបានជួយច្រើន រហ័យទាន់ចិន និងជួយទាក់ទាញ ឱ្យ ភ្ញៀវសម្រេចចិត្តភ្លាមៗ ចូលមកកាន់កម្ពុជា ព្រោះយើងចាប់យក បច្ចេកវិទ្យា ទាន់គេទាន់ឯង»។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ឱ្យដឹងថា ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្ដុះបណ្ដាលគេហកិច្ចនេះជា ប្រភេទវគ្គបង្រៀនជំនាញខ្លី ដោយក្នុងមួយវគ្គសិក្ខាកាម ត្រូវចូល រៀនរយៈពេលប្រាំថ្ងៃ ។វគ្គបង្រៀននេះធ្វើឡើងដោយ មិនគិត ថ្លៃនោះឡើយ។

បើតាមក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ដើមឆ្នាំថ្មីនេះក្រសួង បើកវគ្គបណ្តុះបណ្តាលចំនួនប្រាំមួយវគ្គទាក់ទងនឹងជំនាញគេហកិច្ច ដោយ វគ្គទី ០១ ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមករា។ វគ្គទី ០២៖ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមករា ។វគ្គទី ០៣៖ ពីថ្ងៃទី០៦ ដល់ ថ្ងៃទី១០ ខែកុម្ភៈ ។វគ្គទី ០៤៖ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកុម្ភៈ។ វគ្គទី ០៥៖ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកុម្ភៈនិង វគ្គទី ០៦៖ ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា។

ក្រសួងបញ្ជាក់ទៀតថា សិក្ខាកាម ដែលមានបំណងសិក្សាត្រូវ ទាក់ ទង ទៅកាន់ក្រសួងតាមរយៈទូរស័ព្ទលេខ០១២ ២៧៨៥៥២និង០៧៨ ៨៩៩ ៩១៩ ។សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយ ជោគជ័យ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ព្រមទាំង មានឱកាសទទួលបានការអនុវត្តការងារផ្ទាល់លើជំនាញគេហកិច្ចទៀតផង៕
ដោយ៖យុទ្ធ វីរៈ

ads banner