មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកការដ្ឋានសាងសង់ផ្ទះបាយជូនផ្នែកសឹករងចំនួន ៤ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោក ស៊ិន វណ្ណវុទ្ធ អភិបាលស្រុកសណ្តាន់ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបាយចំនួន ៤ខ្នង ដែលជាអំណោយ របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវ ពេជ ចន្ទមុន្នី នៅផ្នែកសឹករងសណ្តាន់ ស្ថិតនៅឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ។

លោកវរសេនីយ៍ត្រី ឃួន សុខមករា នាយផ្នែកវិស្វកម្មនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងពីគម្រោងសាងសង់ផ្ទះបាយចំនួន៤ នៅទីបញ្ជាការផ្នែកសឹករងសណ្តាន់ និង ៣ខ្នងផ្សេងទៀតដែលត្រូវសាងសង់ នៅផ្នែកសឹករងស្ទោង ផ្នែកសឹករងប្រាសាទសំបូរ និងផ្នែកសឹករងប្រាសាទបល្ល័ង្ក ក្នុងមួយខ្នងមានទំហំ ៤៨ម៉ែត្រការ៉េ ធ្វើពីបេតុង និងដំបូលប្រក់ស័ង្កសីកិនភ្លី មានបន្ទប់ឃ្លាំងសម្រាប់ទុកដាក់សម្ភារផ្សេងៗ និងកន្លែងសម្រាប់រៀបចំ តុពិសារអាហារ ដែលត្រូវ សាងសង់តាមលក្ខណៈបច្ចេកទេស ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងតែឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ក្នុងការងារកសាងអង្គភាពរឹងមាំ ដូចជាការសាងសង់ឃ្លាំងដាក់សម្ភារៈបច្ចេកទេសយោធា ការឧបត្ថម្ភទោចក្រយានយន្ត គោយន្ដសម្រាប់ដឹកជញ្ជូននិងបង្ករបង្កើនផល ព្រមទាំងសមិទ្ធផលជាច្រើនទៀត ពិសេសលើវិស័យមនុស្សធម៌មានជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្រាប់ជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានផ្តាំផ្ញើរក្រុមជាងសំណង់ ដែលទទួលម៉ៅការសាងសង់ សង់ផ្ទះបាយនៅទីបញ្ជាការផ្នែកសឹករងទាំង៤ផ្នែក ត្រូវយកចិត្តទុកដាក់សាងសង់ឲ្យបានសមស្របតាមលក្ខណៈបច្ចេកទេស ធានាគុណភាពនិងមានសោភណ្ឌភាព រួមទាំងបានក្រើនរំលឹកដល់យោធិននៅផ្នែកសឹករងទាំង៤ឲ្យចូលរួមថែរក្សា ការរៀបចំអាហារហូបចុក ឲ្យមានអានាម័យល្អ ធានាសុខភាពជូនកងទ័ព និងត្រូវខិតខំបង្កបង្កើនផលចិញ្ចឹម សត្វ ដើម្បីផ្គត់ផ្គង់ផ្ទះបាយ លើកកំពស់ជីវភាពរស់នៅរបស់យោធិន។

លោកវរសេនីយ៍ទោ អ៊ូ សុធា មេបញ្ជាការផ្នែកសឹករងសណ្តាន់ តំណាងមេបញ្ជាការផ្នែកសឹករងទាំង ៤ទីតាំង បានថ្លែងអំណរគុណឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានជួយឧបត្ថម្ភ ផ្ទះហូបបាយ សម្រាប់អង្គភាព ផ្នែកសឹករងទាំង ៤ បានទទួលផ្ទះហូបបាយថ្មី ដែលជាចំណងដៃដ៏ប្រពៃនេះ ៕ ដោយ ៖ ប៊ុន រដ្ឋា

ads banner