លោកចៅសង្កាត់គោកឃ្លាងបន្តចុះពិនិត្យការជួសជុលគំរបលូដែលខូចៗក្នុងមូលដ្ឋាន
ភ្នំពេញ ៖ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង នៅព្រឹក០៤ ខែមករា ឆ្នាំ២០២៣នេះ អញ្ជើញចុះពិនិត្យការជួសជុលគំរបនិងស្តាលូដែលខូចៗ នៅចំណុចផ្លូវ ២៨គ្រួសារ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ជាក់ស្ដែងកន្លងមកនេះ លោកចៅសង្កាត់ តែងតែចុះពិនិត្យនិងការស្ថាបនាក៏ដូចជាការជួសជុលផ្លូវនៅក្នុងសង្កាត់គោកឃ្លាងតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលបានស្នើសុំនិងរាយការណ៍មក។
លោកចៅសង្កាត់គោកឃ្លាងបានឱ្យដឹងថា រាល់ផ្លូវទាំងអស់ដែលមិនទាន់បានជួសជុល គឺក្រុមប្រឹក្សាសង្កាត់បានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍ ៥ឆ្នាំរបស់ក្រុមប្រឹក្សាសង្កាត់ ដែលយើងនឹងធ្វើការជួសជុលស្ថាបនា ជាជំហ៊ានៗ ទៅតាមកញ្ចប់ថវិកាផ្នែកអភិវឌ្ឍន៍ស្របទៅតាមកម្មវិធីវិនិយោគប្រចាំឆ្នាំ ដែលបានកំណត់ដោយក្រុមប្រឹក្សាសង្កាត់។
គេតែងកត់សម្គាល់ថា សង្កាត់គោកឃ្លាងជាសង្កាត់មួយក្នុងចំណោមសង្កាត់ជាច្រើនទៀតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍន៍ច្រើនពិសេសទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានានិងភាពរហ័សរហួនផ្នែកសេវាផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អក្រោមការដឹកនាំរបស់លោកញ៉ាត សាម៉េត ៕
ដោយ៖ ប៊ុនធី និងភារ៉ា