ក្រសួងកសិកម្ម៖ផលនេសាទដាយត្រីនៅចុងឆ្នាំ២០២២ មានកំណើន៤០ភាគរយបើធៀបនឹងឆ្នាំមុន
ភ្នំពេញ៖ ក្នុងរដូវប្រមូលត្រីប្រហុកចុងឆ្នាំនេះ មានការកើនឡើង ៤០ ភាគរយ បើធៀបនឹងឆ្នាំមុន ខណៈដែលកំណើននេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីជលផល និងកង កម្លាំងចម្រុះទប់ស្កាត់បទល្មើសនេសាទប្រកបដោយប្រសិទ្ធភាពក្នុងរដូវត្រីពង។នេះបើយោងតាមប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ចុះថ្ងៃទី៣ ខែមករា បានឱ្យដឹងថា ផលនេសាទដាយត្រី នៅរាជធានី ភ្នំពេញ និង ខេត្តកណ្តាល ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្រេចបាន បរិមាណ ១.៤៨១តោនដែលបរិមាណនេះកើនឡើងប្រមាណ៤០ភាគរយ បើធៀបទៅនឹងផលនេសាទដាយត្រីនារដូវ នេសាទ ឆ្នាំ២០២១-២០២២ ដែលទទួលបានចំនួន ៨៩០
តោន។
ប្រភពដដែលបញ្ជាក់ថា៖«កំណើនត្រីដែលចាប់បាននៅក្នុងគន្លងដាយនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា បរិមាណត្រីទឹកសាបនៅក្នុង ធម្មជាតិមានការកើនឡើងជាងមុន ដែលជាលទ្ធផលនៃការទប់ ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវបទល្មើសក្នុងបឹងទន្លេសាប ពីសំណាក់មន្ត្រីជលផលនិងកងកម្លាំងមានសមត្ថកិច្ចចម្រុះទាំងអស់កាលពីរដូវត្រីពងក្នុងអំឡុង ឆ្នាំ២០២២កន្លងទៅ»។
បន្ថែមពីលើការទប់ស្កាត់បទល្មើសនេសាទពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ក្រសួងប្រកាសស្វាគមន៍ និង លើកទឹកចិត្តដល់ សហគមន៍នេសាទ ក៏ដូចជាបងប្អូនប្រជានេសាទទាំងអស់ ឱ្យគោរពច្បាប់នេសាទ ដើម្បីរក្សា ធនធានជលផលឱ្យ បានយូរអង្វែង។
ចំណែកឯអ្នកប្រព្រឹត្តល្មើសត្រូវប្រឈមនឹងទោសទណ្ឌជាធរមាន។ តាមរយៈសេចក្តីប្រកាសនេះ ក្រសួងកសិកម្ម សង្កត់ធ្ងន់ថា នឹងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះបទល្មើសជាក់ស្តែង និងបទល្មើសទាំងឡាយណាដែលមានភស្តុតាងនិង កំណត់ អត្តសញ្ញាណនៃជនដែលបានប្រព្រឹត្តបទល្មើស។
ក្រសួងបានលើកឡើងផងដែរថា នៅពេលដែលផល ត្រីកើន ឡើង បងប្អូនប្រជានេសាទនិងប្រជាពលរដ្ឋនៅសហគមន៍ មូលដ្ឋានអាចរកត្រីទទួលទានបានងាយ និងមានតម្លៃសមរម្យ ដែលជាកត្តារួមចំណែកកាត់បន្ថយភាពក្រីកនិងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាលលោក ហេង សុភារិទ្ធិ បានថ្លែងថា កំណើនដាយត្រីសម្រាប់ឆ្នាំនេះ ដោយសារកត្តា យល់ ដឹងរបស់ប្រជាពលរដ្ឋកាន់តែទូលំទូលាយ គួបផ្សំជាមួយ ការបង្ក្រាបបទល្មើសនេសាទពីសំណាក់អាជ្ញាធរផងដែរ។ លោកថា៖«កន្លែងខ្លះបទល្មើសឃើញមានការថយចុះ ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងមុន និងយល់ពីផ្លូវច្បាប់ ហើយគាត់យល់ច្រើនពីមូលហេតុដែលធ្វើ ឱ្យត្រីធម្មជាតិថយចុះ ទើបពលរដ្ឋមួយចំនួនបោះបង់ចោល ឧបករណ៍ ឆក់ ឬនេសាទខុសច្បាប់ »។
លោកឱ្យដឹងថា មួយវិញទៀត ការបង្ក្រាបបទល្មើសនាពេល បច្ចុប្បន្ន មានភាពល្អប្រសើរ និងប្រសិទ្ធជាងមុន។ លោកបន្ត ថា៖«ការប្រឈមចេះតែមាន ប៉ុន្តែមិនមានការលំបាកដូច សម័យ មុនៗទេ ពីមុនការបង្ក្រាបមានការប្រឈម រវាងជន ល្មើសជាមួយសមត្ថកិច្ចដោយប្រើប្រាស់អាវុធ ប៉ុន្តែឥឡូវ នេះមិនសូវប្រឈមនឹងបញ្ហានេះទេ»។
លោក សុភារិទ្ធិ ឱ្យដឹងថា ក្រោយពីប្រមូលផលត្រីស្កុកធម្មជាតិ រដ្ឋបាលជលផលនឹងបង្កើនទៅលើវារីវប្បកម្មរបស់ប្រជាពលរដ្ឋនៅបណ្តាលខេត្តកណ្តាល ហើយប្តេជ្ញានឹងបង្កើនការទប់ស្កាត់ បទល្មើសនេសាទដែលប្រើឧបករណ៍ខុសច្បាប់បន្ថែមទៀត។
ប្រភេទត្រីដែលនេសាទបានពីដាយត្រីក្នុងរដូវនេសាទនេះរួមមាន ត្រីរៀល ៤៥ភាគរយ ស្លឹកឫស្សី ៣០ភាគរយ ខ្នងវែង ៥ភាគរយ ត្រីកញ្ជ្រូក ៣ភាគរយ ត្រីច្រកែង ២ភាគរយ ត្រីឃ្វាត ៥ភាគរយ និងត្រីចម្រុះ ១០ភាគរយ។
ចំណែកប្រជាពលរដ្ឋដែលអញ្ជើញមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ និងទឹកត្រី សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងលក់បន្ត មាន ចំនួនប្រមាណ ៨ ០០០នាក់ ក្នុងនោះមានប្រជាពលរដ្ឋ ប្រមាណ ៩០ភាគរយ មកពីបណ្តាខេត្តផ្សេងៗ។
សេចក្តីប្រកាសដដែលបន្តថា ដើម្បីរក្សាកំណើនត្រី ក្រសួងកសិកម្ម នឹងបន្តរកតុល្យភាពរវាងអភិរក្ស
និងអភិវឌ្ឍមិនត្រឹមតែនៅ បឹងទន្លេសាបប៉ុណ្ណោះទេ ប៉ុន្តែនៅទន្លេមេគង្គលើផងដែរ ខណៈទន្លេសាបជា កន្លែងត្រីធំធាត់ រីឯទន្លេមេគង្គលើជាកន្លែងត្រីបន្តពូជ និងជាកន្លែងសត្វផ្សោតរស់នៅ។ ការរក្សាតំបន់ទាំងពីរនេះកុំឱ្យមានការនេសាទហួសកម្រិត នឹងនាំមកនូវភោគផលត្រីពោរពេញផ្ទៃប្រទេស៕
ដោយ៖ឡាយ សាមាន