ឥណ្ឌាខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាង ១.២ពាន់លានដុល្លារយកទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងរដ្ឋចំនួនបួន

ញូវដេលី ៖ រដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួនបួនផ្សេងគ្នា មានទំហំទឹកប្រាក់ ១.២២ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរដ្ឋចំនួនបួនរបស់ប្រទេសឥណ្ឌា។
នេះបើតាមការបញ្ជាក់របស់ក្រសួងហិរញ្ញវត្ថុសហព័ន្ធ។

កិច្ចព្រមព្រៀងចំនួនបួនដាច់ដោយឡែកខាងលើនេះ នឹងគ្របដណ្តប់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ចាប់ពីផ្លូវរថភ្លើងក្រោមដី ថាមពល និងផ្លូវទៅកាន់តំបន់សេដ្ឋកិច្ចនៅរដ្ឋតាមិល ណាឌូ, ទ្រីពូរ៉ា, អាហ្សាម និងម៉ាហារ៉ាស់ត្រា។

បើតាមក្រសួងហិរញ្ញវត្ថុឥណ្ឌា ប្រាក់កម្ចីចំនួន ៣៥០លានដុល្លារពី ADB នឹងត្រូវប្រើប្រាស់ដើម្បីសាងសង់ខ្សែរថភ្លើងថ្មី និងធ្វើអោយប្រសើរឡើងនូវការតភ្ជាប់ប្រព័ន្ធផ្លូវរថភ្លើងក្រោមដីនៅទីក្រុង ចេនណៃ ដែលជារដ្ឋធានីនៃរដ្ឋតាមិល ណាឌូ។

ចំណែកនៅរដ្ឋទី្រពូរ៉ា ប្រាក់កម្ចីចំនួន ២២០លានដុល្លារនឹងត្រូវបានប្រើដើម្បីពង្រឹងវិស័យថាមពលរបស់រដ្ឋ។
ហើយដូចគ្នានេះដែរ ប្រាក់កម្ចី ៣០០លានដុល្លារពី ADB នឹងត្រូវបានប្រើដើម្បីធ្វើឱ្យប្រសើរឡើងនូវផ្លូវហាយវេរបស់រដ្ឋ ដែលមានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រ និងផ្លូវសំខាន់ៗក្នុងស្រុកក្នុងនៃរដ្ឋអាហ្សេម។

ក្រសួងហិរញ្ញវត្ថុឥណ្ឌាបន្ថែមថា សម្រាប់រដ្ឋម៉ាហារ៉ាស់ត្រា ប្រាក់កម្ចីចំនួន ៣៥០លានដុល្លារនឹងត្រូវបានប្រើ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់នៃតំបន់សេដ្ឋកិច្ចសំខាន់ៗនៅក្នុងរដ្ឋមួយនេះ៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា

ស៊ី សុគន្ធបុត្រា
ស៊ី សុគន្ធបុត្រា
អ្នកយកព័ត៌ មានផ្នែកសេដ្ឋកិច្ច & អន្តរជាតិ ០១២ ២៦១ ៦៨៦ តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្តល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕
ads banner
ads banner
ads banner