ឯកឧត្តម អ៊ុ សារឹទ្ធ អនុញ្ញាតឲ្យនិស្សិតជ័យលាភី អាហារូបករណ៍ នូវែលសេឡង់ ចូលជួបសំណេះសំណាល និងទទួលអនុសាសន៍
ភ្នំពេញ ៖ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យនិស្សិត ជ័យលាភីអាហារូបករណ៍ របស់រាជរដ្ឋាភិបាល ប្រទេសនូវែលសេឡង់ ចំនួន១៥នាក់ ចូលជួបសំណេះសំណាល និងទទួលអនុសាសន៍ មុននឹងចេញដំណើរ ទៅសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យនានា នៃប្រទេសនូវែលសេឡង់ ។
ក្នុងនាមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឯកឧត្តម អ៊ុ សារឹទ្ធ បានអបអរសាទរចំពោះក្មួយៗ និស្សិតទាំង១៥រូប ដែលទទួលបានអាហារូបករណ៍ ពីរាជរដ្ឋាភិបាលនូវែលសេឡង់ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅប្រទេសណូវែលសេឡង់ ។ នេះជាឱកាសមួយដ៏ល្អប្រសើរ ដែលក្មួយៗនិស្សិត ទទួលបាននូវចំណេះដឹងថ្មីៗ ដើម្បីពង្រឹងសមត្ថភាពខ្លួន សម្រាប់ជាមូលដ្ឋាន ក្នុងការអភិវឌ្ឍខ្លួនផង និងប្រទេសជាតិផង ។ ជាងនេះទៀត គឺជាការរួមចំណែក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរកម្ពុជា និងប្រទេសនូវែលសេឡង់ផងដែរ ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា រឿងមួយដែលក្មួយៗនិស្សិត ចាំបាច់ត្រូវធ្វើ គឺ ត្រូវគោរពច្បាប់ប្រទេស ច្បាប់សាលាឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ហាញអំពីសេចក្តីថ្លៃថ្នូរ ក្នុងនាមជាកូនខ្មែរ ឲ្យក្រុមនិស្សិត ដែលមកពីបណ្តាប្រទេសនានាបានឃើញ ត្រូវសម្របខ្លួនរៀនរស់នៅ រៀនទំនាក់ទំនង ជាមួយនឹងប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសណូវែលសេឡង់ និងនិស្សិតផ្សេងៗទៀត ដែលកំពុងសិក្សានៅទីនោះស្រាប់ ព្រមទាំងផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ ការអភិវឌ្ឍថ្មីៗ របស់ប្រទេសកម្ពុជាបច្ចុប្បន្ន ដើម្បីទាក់ទាញឲ្យពួកគាត់មកធ្វើទេសចរណ៍ នៅប្រទេសកម្ពុជា ។
ឯកឧត្តម អ៊ុ សារឹទ្ធ បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ទោះបីជាក្មួយៗ ត្រូវទៅសិក្សា នៅសាលាផ្សេងៗ គ្នាក៏ពិតមែន ប៉ុន្តែត្រូវចេះសាមគ្គីភាពផ្ទៃក្នុង សហការគ្នា ទំនាក់ទំនងគ្នា និងចេះជួយយកអាសារគ្នា ទៅវិញទៅមក ក្នុងនាមជាខ្មែរដូចគ្នា ដូចសុភាសិតខ្មែរយើងពោលថា នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយជាមួយ ។
សូមជម្រាបថា អាហារូបករណ៍របស់រាជរដ្ឋាភិបាលប្រទេសនូវែលសេឡង់ គឺត្រូវបានគ្រប់គ្រង និង ចាត់ចែងដោយក្រសួងការបរទេស និងពាណិជ្ជកម្ម(MFAT) របស់ប្រទេសនូវែលសេឡង់ ដើម្បីជួយគាំទ្រ ដល់សិស្សនិស្សិតទូទាំងពិភពលោកក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ បណ្ឌិត។ សិស្សនិស្សិតអន្តរជាតិប្រហែល ១០០០នាក់ ត្រូវបានជ្រើសរើសឲ្យមកធ្វើការសិក្សានៅក្នុងប្រទេសនូវែលសេឡង់ជារៀងរាល់ឆ្នាំ ដោយសិស្សនិស្សិតភាគច្រើនមកពីតំបន់ប៉ាស៊ីហ្វិក អាស៊ី អាហ្រ្វីក អាមេរិកឡាទីន និងតំបន់ការីប៊ីន ៕
ដោយ ៖ គ្រី សម្បត្តិ