សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានពង្រីកផ្លូវជាតិលេខ៧ ទៅជាផ្លូវ ៤គន្លង ចាប់ពីរង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាម នាសប្ដាហ៍ក្រោយ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ថាបនាពង្រីកផ្លូវជាតិលេខ៧ ទៅជាផ្លូវ ៤គន្លង ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សប្ដាហ៍ក្រោយនេះ ដែលទីតាំងប្រារព្ធពិធី នឹងធ្វើឡើងនៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ (គីឡូម៉ែត្រលេខ៨៦) ។
សូមបញ្ជាក់ថា គម្រោងពង្រីកផ្លូវជាតិលេខ៧ ប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ជា ៤គន្លង ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម គ្រោងចំណាយពេលសាងសង់ប្រមាណ ៣៦ខែ ដោយមានក្រសួងសាធារណការ និងដឹកជញ្ជួន ជាម្ចាស់គម្រោង, ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាង ជាទីប្រឹក្សាត្រួតពិនិត្យ និងក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន ជាក្រុមហ៊ុនម៉ៅការ ។
ដោយឡែក នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ចាម បានជូនដំណឹងពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន នៅថ្ងៃទី៨ និងទី៩ ខែមករា ឆ្នាំ២០២៣ សម្រាប់ប្រារព្ធពិធីខាងលើនេះ ។
យោងតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែមករា ដើម្បីឱ្យដំណើរការរៀបចំបើកការរដ្ឋាន ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ ជាផ្លូវ៤គន្លង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រព្រឹត្តទៅដោយរលូន ព្រមទាំងបញ្ចៀសការកកស្ទះចរាចរណ៍ និងរក្សាបានសណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងពិធី រដ្ឋបាលខេត្ត នឹងបញ្ចៀសចរាចរចាប់ពីថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២៣ ចំពោះយានយន្តគ្រប់ប្រភេទនៅកំណត់ផ្លូវជាតិលេខ៧។ ការបញ្ចៀសចរាចរណ៍នេះ គឺចាប់ពីផ្លូវបំបែកផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ដល់រង្វង់មូលស្គន់ ឃុំសូទិប ស្រុកជើងព្រៃ។
ប្រភពដដែលបានបន្តថា ៖ ចំពោះយានយន្តដែលធ្វើដំណើរពីរាជធានីភ្នំពេញ ចូលមកក្រុងកំពង់ចាម ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចរង្វង់មូលស្ពន់ ទៅផ្លូវបំបែកភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ តាមផ្លូវលេខ៦០ ដល់បំបែកផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងត្រូវបង្វែរទិសតាមផ្លូវ លេខ២៧០ ត្រង់ផ្លូវបំបែក រការកោង ស្រុកមុខកំពូល ខេត្តកណ្តាល កាត់តាមស្រុកកងមាស។
ចំពោះយានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាម ទៅខេត្តកំពង់ធំ ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចផ្លូវបំបែកត្រែង ឃុំអូរស្វាយ ស្រុកកំពង់សៀម ឆ្ពោះទៅផ្លូវលេខ៧១ ស្រុកចំការលើ ចំណែកយានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាម ចេញទៅរាជធានីភ្នំពេញ ត្រូវបង្វែរទិស ចរាចរណ៍តាមផ្លូវលេខ ២៧០ កាត់ស្រុកកងមាស ឆ្ពោះទៅផ្លូវបំបែករកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។
សម្រាប់យានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាម ស្រុកចំការលើ ចេញទៅរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចផ្លូវបំបែក ផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ទៅផ្លូវលេខ ៧០ កាត់តាមស្រុកកងមាស ឆ្ពោះទៅផ្លូវបំបែករការកោង ស្រុកមុខកំពូល ខេត្តកណ្តាល ៕ ដោយ វណ្ណលុក