មីយ៉ាន់ម៉ា៖ របបយោធានឹងដោះលែងអ្នកទោសជាង៧ ០០០ នាក់ក្នុងថ្ងៃបុណ្យឯករាជ្យ

ណៃពិដោ៖ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានរាយការណ៍ នៅថ្ងៃ ពុធថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងដោះលែង អ្នកទោស ចំនួន ៧ ០១២ ក្រោមការលើកលែងទោសដើម្បី ប្រារព្ធទិវាឯករាជ្យជាតិលើកទី៧៥ ខណៈប្រមុខរបបយោធា បានសរសើរប្រទេសមួយចំនួនសម្រាប់ការរក្សាការគាំទ្រភូមា ។

ប្រមុខយោធា លោកឧត្តមសេនីយ មីន អ៊ុងឡាំង បានថ្លែងក្នុង សុន្ទរកថានៅរដ្ឋធានីណៃពិដោថា៖ «ខ្ញុំចង់និយាយអរគុណ ចំពោះប្រទេស និងអង្គការក្នុងតំបន់ និងអន្តរជាតិមួយចំនួន ដែលបានសហការជាវិជ្ជមានជាមួយយើង»។ លោកបន្តថា៖ «យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាង ដូចជាចិន ឥណ្ឌា ថៃ ឡាវ និងបង់ក្លាដែស។

យើងនឹងធ្វើការរួមគ្នាដើម្បីស្ថិរភាព និងការអភិវឌ្ឍន៍ព្រំដែន»។
ការថ្លែងយ៉ាងដូច្នេះរបស់លោក មីន អ៊ុងឡាំង ធ្វើឡើង ខណៈដែល មីយ៉ាន់ម៉ាបន្តប្រឈមមុខនឹងភាពឯកោលើ ឆាកអន្តរជាតិ និងទណ្ឌកម្ម ដែលដឹកនាំដោយលោកខាងលិច ចាប់តាំងពីក្រុមយោធាធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី អ៊ុងសាង ស៊ូជី នៅដើមខែកុម្ភៈឆ្នាំ ២០២១។

រដ្ឋប្រហារនេះ បង្កឱ្យមានចលនាតស៊ូ ក៏ដូចអំពើហិង្សាដោយ ប្រដាប់អាវុធផ្សេងៗនៅក្នុងប្រទេស និងការចាប់ខ្លួនអ្នក នយោបាយ និងក្រុមប្រឆាំងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ រាប់ម៉ឺននាក់។ កាលពីខែធ្នូ ឆ្នាំមុន ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បានអនុម័តលើសេចក្ដីសម្រេចចិត្តលើក ដំបូងមួយរបស់ខ្លួនមិនធ្លាប់មានជាង ៧ ទសវត្សរ៍ចំពោះ មីយ៉ាន់ម៉ា ដោយទាមទារឱ្យបញ្ចប់អំពើហិង្សា និងឱ្យរបប យោធាដោះលែងអ្នកជាប់ឃុំនយោបាយទាំងអស់។

ការដោះលែងអ្នកទោសតែងតែធ្វើ ឡើងជារៀងរាល់ឆ្នាំ ក្នុងថ្ងៃបុណ្យឯករាជ្យ ដែលមីយ៉ាន់ម៉ាទទួលបានពី ចក្រភព អង់គ្លេស គេនៅមិនទាន់ច្បាស់នោះទេ ថាតើអ្នកទោស ឬជាប់ឃុំនយោបាយណាមួយ នឹងត្រូវបានដោះលែងឬអត់ សម្រាប់ការលើកឡើងទោសនៅថ្ងៃពុធនេះ។

ប៉ុន្តែ MRTV បានផ្សាយថា ការលើកលែងទោស នឹងមិនរាប់ បញ្ចូលអ្នកដែលត្រូវបានកាត់ទោសពីបទមនុស្សឃាត និងការ រំលោភ ឬជាប់ពន្ធនាគារពីបទចោទប្រកាន់ពាក់ព័ន្ធនឹង កាន់កាប់ គ្រឿងផ្ទុះ អាវុធ ឬគ្រឿងញៀន ចូលរួមសមាគម ខុសច្បាប់ អាវុធ គ្រឿងញៀន និងអំពើពុករលួយនោះទេ៕ ដោយ៖ ហួន ឌីណា

ads banner