ប៉ូឡូញចាយលុយ ១.៤ពាន់លានដុល្លារទិញរថក្រោះចម្បាំង ១១៦គ្រឿងពីសហរដ្ឋអាមេរិក
រដ្ឋាភិបាលប៉ូឡូញ ក្នុងថ្ងៃពុធសប្តាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ ១.៤ពាន់លានដុល្លារ ដើម្បីទិញរថក្រោះចម្បាំងរហូតដល់ ១១៦គ្រឿងពីសហរដ្ឋអាមេរិក។
ក្រសួងការបរទេសអាមេរិកកាលពីខែមុន បានអនុម័តនូវការលក់រថក្រោះធុន M1A1 Abrams ទៅឱ្យប្រទេសប៉ូឡូញ រួមជាមួយនឹងសម្ភារៈយោធាផ្សេងទៀត។ ចំណែកនៅខែមេសា ឆ្នាំ២០២២វិញ ប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយផ្សេងទៀត ដែលមានតម្លៃ ៤.៧៤ពាន់លានដុល្លារជាមួយសហរដ្ឋអាមេរិក ដើម្បីទិញរថក្រោះធុន M1A2 Abrams ចំនួន ២៥០គ្រឿង។
ស្របពេលជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រីប៉ូឡូញ និងជាប្រមុខការពារជាតិប៉ូឡូញ លោក ម៉ារីអ៊ូស ប្លាសហ្សាក់ បាននិយាយថា រថក្រោះចម្បាំងទាំងនេះ នឹងត្រូវបានចែកចាយនាចុងឆ្នាំ២០២៤ខាងមុខ។
លោក ប្លាសហ្សាក់ បានគូសបញ្ជាក់ថា កញ្ចប់ថ្មីនេះ នឹងក្លាយជាផ្នែកនៃកងកម្លាំងប្រដាប់អាវុធប៉ូឡូញនៅឆ្នាំ២០២៣នេះ ហើយថា រថក្រោះចម្បាំងទាំងនោះនឹងត្រូវដឹកជញ្ជូនទៅកាន់ភាគខាងកើតនៃប្រទេសប៉ូឡូញ ដោយលោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះមិនត្រឹមតែជួយពង្រឹងសន្តិសុខរបស់ប្រទេសប៉ូឡូញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងបង្កើនសន្តិសុខនៃផ្នែកខាងកើតទាំងមូលនៃអង្គការណាតូផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា