ប្រធានាធិបតីម៉ិកស៊ិកប្តេជ្ញាជំរុញឱ្យសហរដ្ឋអាមេរិកបញ្ចប់គោលនយោបាយអន្តរាគមន៍ជាង ២០០ឆ្នាំមកនេះ
ម៉ិកស៊ីកូ ៖ ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ទ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ នៅថ្ងៃអង្គារសប្តាហ៍នេះ បានថ្លែងថា នៅក្នុងកិច្ចប្រជុំកំពូលមួយ លោកនឹងជំរុញឱ្យរដ្ឋាភិបាលអាមេរិក បញ្ចប់ការអន្តរាគមន៍ ម៉ុនរ៉ូ ដកទ្រីន “Monroe Doctrine” ដែលខ្លួនបានអនុវត្តតាមអស់រយៈពេល ២០០ឆ្នាំមកហើយ។
ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេដឹកនាំអាមេរិកខាងជើងនាសប្តាហ៍ក្រោយ លោក ឡូប៉េស អូប្រាដ័រ គ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ នៅក្នុងរដ្ឋធានីម៉ិកស៊ិក។
ទន្ទឹមគ្នា លោក អូប្រាដ័រ ក៏គ្រោងនឹងអំពាវនាវឱ្យលោក បៃដិន ផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ជុំវិញការ “អន្តរាគមន៍” នៅក្នុងបណ្តាប្រទេសទូទាំងទ្វីបអាមេរិក ក្នុងគោលបំណងដើម្បីគ្រប់គ្រងអឌ្ឍគោលខាងលិច។
គោលលទ្ធិ ម៉ុនរ៉ូ “Monroe” ដែលត្រូវបានបង្កើតឡើងនៅដើមទសវត្សរ៍ឆ្នាំ ១៨០០ ដោយអតីតប្រធានាធិបតីអាមេរិក លោក ជែមស៍ ម៉ុនរ៉ូ (James Monroe) ដែលបានដំណើរការអស់រយៈពេល ២០០ឆ្នាំមកហើយ។
លោក អូប្រាដ័រ បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់គាត់នៅឯវិមានជាតិក្នុងទីក្រុងម៉ិកស៊ិកថា ការគោរពស្វ័យភាព និងការសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជន… វាគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយ។
បន្ថែមលើនេះ លោក អូប្រាដ័រ ក៏មានគោលបំណងស្នើឱ្យធ្វើសមាហរណកម្មអាមេរិកខាងជើង ជាមួយផ្នែកសេដ្ឋកិច្ចនៅអឌ្ឍគោលខាងលិចផងដែរ ដើម្បីជំរុញការអភិវឌ្ឍន៍ និងដោះស្រាយការធ្វើអន្តោប្រវេសន៍៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា