នាយករដ្ឋមន្ត្រីអង់គ្លេសប្តេជ្ញាកាត់បន្ថយអតិផរណាពាក់កណ្តាល និងជំរុញកំណើនសេដ្ឋកិច្ច
នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៊ី ស៊ូណាក់ បានសន្យាថា នឹងកាត់បន្ថយអតិផរណាពាក់កណ្តាល ក៏ដូចជាជំរុញសេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេសផងដែរ នៅក្នុងសុន្ទរកថាដ៏សំខាន់លើកដំបូងរបស់គាត់នៅឆ្នាំ ២០២៣ ក្នុងថ្ងៃពុធសប្តាហ៍នេះ។
នៅក្នុងសុន្ទរកថាដ៏សំខាន់ខាងលើនេះ លោក ស៊ូណាក់ បានសន្យាចំនួនប្រាំចំណុច ក្នុងនោះរួមមានការកាត់បន្ថយអតិផរណាពាក់កណ្តាល, ជម្រុញកំណើនសេដ្ឋកិច្ច, កាត់បន្ថយបំណុលជាតិ, កាត់បន្ថយបញ្ជីរង់ចាំនៅតាមមន្ទីរពេទ្យ, និងបញ្ឈប់ទូកជនចំណាកស្រុកខុសច្បាប់ឆ្លងកាត់ប៉ុស្តិ៍អង់គ្លេស។
ដោយហៅចំណុចទាំងនេះថា ជា “អាទិភាពរបស់ប្រជាជន” នោះ លោក ស៊ូណាក់ បានប្តេជ្ញាថា នឹង “ធ្វើការទាំងយប់ទាំងថ្ងៃ” ដើម្បីផ្តល់ឱ្យប្រជាជនអង់គ្លេស។ លោកថា រដ្ឋាភិបាលរបស់គាត់នឹងកាត់បន្ថយអតិផរណាពាក់កណ្តាលនៅឆ្នាំ២០២៣នេះ ដើម្បីកាត់បន្ថយថ្លៃដើមនៃការរស់នៅ និងផ្តល់សុវត្ថិភាពហិរញ្ញវត្ថុដល់ប្រជាជន។ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើននោះ លោក ស៊ូណាក់ បានប្តេជ្ញាថា នឹងបង្កើតការងារថ្មីបន្ថែមទៀត ក៏ដូចជាឱកាសតម្លើង ប្រាក់ខែកាន់តែប្រសើរជាងមុននៅទូទាំងប្រទេស។
យោងតាមការិយាល័យស្ថិតិជាតិ (ONS) បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចក្រភពអង់គ្លេសបានធ្លាក់ចុះ ០.៣ភាគរយនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២។ ទន្ទឹមគ្នា ធនាគារកណ្តាលអង់គ្លេស (BoE) ក៏បានព្រមានដែរថា សេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានកំណត់ថា នឹងនៅតែស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចពេញមួយឆ្នាំ ២០២៣ និងឆមាសទីមួយនៃឆ្នាំ២០២៤ ហើយបន្ទាប់មក GDP នឹងងើបឡើងវិញបន្តិចវិញ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា