វៀតណាមក្លាយជាប្រទេសនាំចូលធំជាងគេ របស់កូរ៉េខាងត្បូង
សេអ៊ូល៖ យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងត្បូងសម្រេចអតិរេកពាណិជ្ជកម្ម ដល់ទៅចំនួន ៣៤.២៦ ពាន់លានដុល្លារ ជាមួយប្រទេសវៀតណាម ក្នុងឆ្នាំ២០២២ ដោយនេះជាលើកទីមួយហើយ ដែលវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងត្បូង។
ក្រសួងបានរាយការណ៍ថា ចំណូលនៃការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសវៀតណាមកាលពីឆ្នាំមុន មានចំនួនសរុប ៦០.៩៨ ពាន់លានដុល្លារ ខណៈដែលប្រទេសនេះបានចំណាយ ២៦.៧២ ពាន់លានដុល្លារ លើការនាំចូលទំនិញ ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
មន្ត្រីម្នាក់របស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ក្នុងចំណោមបណ្តាប្រទេសអាស៊ាន វៀតណាមកំពុងក្លាយជាមូលដ្ឋានផលិតកម្មសម្រាប់ក្រុមហ៊ុនសកលលោក ដោយបន្ថែមថា អាជីវកម្មកូរ៉េកំពុងបន្តចូលទីផ្សារវៀតណាម។
បន្ទាប់ពីវៀតណាម ប្រទេស និងដែនដី ដែលកូរ៉េខាងត្បូងមានអតិរេកពាណិជ្ជកម្មធំៗនោះ រួមមាន សហរដ្ឋអាមេរិកដែលមាន ២៨.០៤ ពាន់លានដុល្លារ, តំបន់ហុងកុងនៃប្រទេសចិន ដែលមានចំនួន ២៥.៧៩ ពាន់លានដុល្លារ, ឥណ្ឌាដែលមាន ៩.៩៨ ពាន់លានដុល្លារ និង សិង្ហបុរី មាន ៩.៨៦ ពាន់លានដុល្លារ៕ ប្រភពពី VNA ប្រែសម្រួលដោយ៖ សារ៉ាត