ចិន បង្ហាញនិន្នាការតភ្ជាប់ជើងហោះហើរឡើងវិញ ខណៈសំបុត្រយន្តហោះពីកម្ពុជា ទៅចិន មានតម្លៃក្នុងរង្វង់ជាង ៥០០ដុល្លារ
ភ្នំពេញ៖ ចិន បានបង្ហាញនិន្នាការតភ្ជាប់ជើងហោះហើរឡើងវិញ ខណៈតម្លៃសំបុត្រយន្តហោះទៅមករវាងកម្ពុជា និងចិន ដែលធ្លាប់ហក់ឡើងរហូតដល់ខ្ទង់ម៉ឺនដុល្លារ កាលពីអំឡុងរីករាលដាលជំងឺកូវីដ១៩ បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលមកទល់បច្ចុប្បន្ន តម្លៃសំបុត្រយន្តហោះពីកម្ពុជាទៅចិន ក្នុងរង្វង់ជាង ៥០០ដុល្លារប៉ុណ្ណោះ ដែលជាតម្លៃមួយប្រហាក់ប្រហែលនឹងមុនពេលរីករាលដាលជំងឺកូវីដ១៩។
ប្រធានសមាគមទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី៤ មករា ថា បច្ចុប្បន្ន តម្លៃសំបុត្រយន្តហោះពីរាជធានីភ្នំពេញទៅប្រទេសចិន មានតម្លៃចន្លោះពីជាង ៤០០ដុល្លារទៅជាង ៥០០ដុល្លារទៅតាមតំបន់។ ចំណែកពីចិន មកកម្ពុជាវិញ មានតម្លៃខ្ពស់ជាងបន្តិច គឺចាប់ពី ៨០០ដុល្លារ ទៅ១ពាន់ដុល្លារ។ តម្លៃនេះ នឹងមិនបន្តធ្លាក់ចុះទៀតនោះទេ បើទោះបីជាចិន ប្រកាសបន្ធូរបន្ថយវិធានកូវីដ១៩ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក៏ដោយ ព្រោះតម្លៃនេះ គឺប្រហាក់ប្រហែលនឹងតម្លៃធម្មតា មុនពេលរីករាលដាលជំងឺកូវីដ១៩ ។

សូមជម្រាបថា គណៈកម្មការសុខាភិបាលជាតិចិន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានប្រកាសថា នឹងបិទបញ្ចប់ការតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកក្នុងប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣តទៅ ដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបើក ព្រំដែនរបស់ខ្លួនឡើងវិញ គិតចាប់តាំងពីបានបិទព្រំដែនមួយផ្នែកធំ កាលពីដើមឆ្នាំ២០២០មក។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានប្រាប់បណ្តាញព័ត៌មានថា បន្ទាប់ពីចិន បានប្រកាសបើកប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនទេសចរណ៍ចិនមួយចំនួន បានបង្ហាញពីនិន្នាការតភ្ជាប់ ជើងហោះ ហើរឡើងវិញ តែយ៉ាងណាមិញមិនទាន់ប្រាកដប្រជានោះទេ ដោយសារពួកគេមិនទាន់ស្នើសុំការចុះចតជាក់លាក់នៅឡើយ ។

ឯកឧត្តម បានបន្តថា កម្ពុជា ស្វាគមន៍នូវការហោះហើររបស់ចិនមកកម្ពុជា ហើយសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងសម្រួលនូវវិធានការផ្សេងៗ ដើម្បីបើកទូលាយទទួលធុរជន និងភ្ញៀវ ទេសច រចិនពេលមកដល់កម្ពុជា។បើតាមមន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិល បច្ចុប្បន្ននេះ ជើងហោះហើរ ពីកម្ពុជាទៅចិន មានចំនួន ១៥ជើង និងពីចិនមកកម្ពុជាចំនួន ១៥ជើង ក្នុងមួយសប្តាហ៍ ៕ ដោយ វណ្ណលុក
