ក្រុមហ៊ុន Walmart មកពីសហរដ្ឋអាមេរិក ប្តេជ្ញាបន្តពង្រីកការបញ្ជាទិញរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមជំរុញកំណើតសេដ្ឋកិច្ច
ភ្នំពេញ៖ ក្រុមក្រុមហ៊ុន Walmart ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ដែលបាននិងកំពុងទទួលធ្វើការបញ្ជាទិញសម្លៀកបំពាក់ វាយនភ័ណ្ឌ និងសម្ភារៈធ្វើដំណើរ ដើម្បីនាំចេញទៅលក់នៅលើទីផ្សារសហរដ្ឋអាមេរិក បានប្តេជ្ញាចិត្តនៅនិងបន្តពង្រីកការបញ្ជាទិញបន្ថែមទៀត ពិសេស ការធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ក្នុងសកម្មភាពធុរកិច្ច វិនិយោគ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
នេះបើតាម ការបញ្ជាក់ពី លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក និងសហការី តាមប្រព័ន្ធវីដេអូ ជាមួយ និង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងសហការី កាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នៅក្នុងគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនដោយផ្តល់នូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Walmart និងក្រសួងពាណិជ្ជកម្មនាពេលអនាគត។
មានប្រសាសន៍លើកឡើងនៅក្នុងជំនួបតាមប្រព័ន្ធអនឡាញនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart និងសហការី ដែលបានស្នើសុំការសហការពីក្រសួងពាណិជ្ជកម្មនៅក្នុងការពង្រីកធុរកិច្ចរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់នូវការបញ្ជាទិញរបស់ក្រុមហ៊ុន Walmart នូវផលិតផលសម្លៀកបំពាក់ និងសម្ភារៈធ្វើដំណើរពីកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបអំពីស្ថានភាពល្អប្រសើរ នៃការគ្រប់គ្រងជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលនាំឱ្យកម្ពុជាអាចបើកនូវរាល់សកម្មភាពសេដ្ឋកិច្ចឡើងវិញ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់នូវបច្ចុប្បន្នភាពនៃសមិទ្ធិផលថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ជាពិសេស ការធ្វើពិពិធកម្មទីផ្សារនាំចេញ ដូចជា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសនានា និងការពង្រឹងស្ថាប័ន តាមរយៈការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការបន្តធ្វើទំនើបកម្មសេវាសាធារណៈ និងកិច្ចសម្រួលពាណិជ្ជកម្មនានា សំដៅសម្រួលដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជាកាន់តែប្រសើរឡើង។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រពេញទំហឹង ចំពោះគោលបំណងរបស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជាបន្ថែមទៀត ដូចជាផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា ដែលបំពេញបានតាមស្តង់ដារអន្តរជាតិ។ ការជំរុញទិញផលិតផលបន្ថែមពីកម្ពុជាគឺសំដៅរួមចំណែកក្នុងការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ក្រសួងពាណិជ្ជកម្ម នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន Walmart វិស័យឯកជន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកស្រី Anbinh Phan បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានអបអរសាទរជូនក្រសួងពាណិជ្ជកម្ម ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដូចជា RCEP កម្ពុជា-ចិន កម្ពុជា-កូរ៉េ ជាដើម ៕ ដោយ៖ ង៉ាន់ ទិត្យ