សង្គមស៊ីវិល អនុវត្តគម្រោងអភិវឌ្ឍន៍កុមារតូច ដោយជួយ ជ្រោមជ្រែងកសិករជាងបីពាន់គ្រួសារឱ្យកូនៗពួកគេទទួលបានអាហាររូបត្ថម្ភ
ភ្នំពេញ៖សង្គមស៊ីវិលប្រកាសដំណើរការគម្រោងអភិវឌ្ឍន៍ កុមារតូច ដើម្បីផ្ដោតលើគ្រួសារកសិករជាង៣ពាន់គ្រួសារ។សង្កមស៊ីវិលរំពឹងថាគ្រួសារកសិករជាង៣ពាន់គ្រួសារនឹងទទួលផលវិជ្ជមានពីគម្រោងអភិវឌ្ឍន៍កុមារតូច។
គម្រោងនេះជាគម្រោងរបស់វិទ្យាស្ថានស្រាវជ្រាវត្រីកោណ និងអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ ដែលផ្តោតសំខាន់ លើកកិច្ចការងារ លើកកម្ពស់ការផ្ដល់អាហារូបត្ថម្ភដល់ កុមារ នៅកម្ពុជា។ ស្ថាប័នទាំងពីរនេះ បានកំពុងសហការជាមួយ ស្ថាប័ន ពាក់ព័ន្ធ អនុវត្តន៍គម្រោងអភិវឌ្ឍន៍កុមារតូច ដែល រំពឹងថាគ្រួសារកសិករចំនួន៣៦០០គ្រួសារនឹងទទួលផលពីគម្រោងនេះ។
លោក ហ៊ុន វណ្ណារី ប្រធានបច្ចេកទេសជាន់ខ្ពស់អាហារូបត្ថម្ភ នៃគម្រោងអភិវឌ្ឍន៍កុមារតូច បានឱ្យដឹងថា គម្រោងនេះ មាន គោលបំណងចម្បងក្នុងការផ្តល់ការគាំទ្រដល់ការអភិវឌ្ឍរបស់កុមារតាំងពីនៅក្នុងផ្ទៃម្តាយរហូតដល់អាយុក្រោមប្រាំឆ្នាំ ទាំង លើផ្នែករាងកាយ បញ្ញាស្មារតី និងសង្គម ព្រមទាំងធ្វើឱ្យប្រសើរ ឡើងនូវសុខភាពនិងអាហាររូបត្ថម្ភរបស់កុមារ និងការជួយធ្វើឱ្យ ប្រាកដថាកុមារដែលមានភាពលូតលាស់យឺតនិងមានពិការភាពទទួលបាននូវការថែទាំដ៏សមរម្យមួយស្របទៅតាមគោលនយោបាយជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូចរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបញ្ជាក់ដែរថា៖«យើងចង់ឱ្យគ្រួសារកសិករប្រមាណ៣ ៦០០គ្រួសារ ដែលភាគច្រើនជាគ្រួសារដែលមានកូនតូច ក្រោម អាយុប្រាំឆ្នាំ នឹងទទួលផលប្រយោជន៍ពីគ្រោងនេះ ហើយពេល ដំណើរការគម្រោងមួយរយៈមកឃើញថាពាក់ព័ន្ធនឹងការដាំដុះបន្លែបង្កាផ្សេង ឃើញថា គ្រួសារកសិករគោលដៅបានផ្លាស់ ប្តូរងាកមកដាំដុះច្រើនជាងមុន ដើម្បីបំពេញតម្រូវការក្នុង គ្រួសារ ក៏ដូចជាលក់ដើម្បីបង្កើនប្រាក់ចំណូលផងដែរ»។
ដោយឡែកវិញមកផលប្រយោជន៍ចំពោះអាហារូបត្ថម្ភវិញលោកក៏ឃើញថា ក្រុមគ្រួសារគោលដៅនៃគម្រោង ក៏បានផ្តោត ការថែទាំ និងយកចិត្តទុកដាក់លើរបបអាហារដល់កូនៗ ពួក គាត់ថែមទៀត។
បើតាមការការឱ្យដឹងពីអង្គការ ហេឡែន ខេលល័រ អន្តរជាតិ (Helen Keller International) នាអំឡុងខែធ្នូឆ្នាំ២០២២ កន្លងទៅគម្រោងអភិវឌ្ឍន៍កុមារតូច ក៏បានសហការជាមួយ មន្ត្រីជំនាញពីរមន្ទីរកសិកម្ម ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដុះដំណាំបន្លែ ទៅកសិករគោលដៅចំនួន ៦២៥នាក់ (ស្រ្តី ៥៤១នាក់) និងវគ្គបណ្ដុះបណ្ដាលរយៈពេលបីថ្ងៃ អំពីបច្ចេកទេស ដាំដុះដំណាំបន្លែ ចិញ្ចឹមមាន់លក្ខណៈគ្រួសារ ទីផ្សារ និងជំនាញសម្របសម្រួល ដល់កសិករគំរូចំនួន ៣៣នាក់ (ស្រ្តី ១៧នាក់) ដើម្បីឱ្យសិក្ខាកាមអាចសម្របសម្រួល ផ្ដល់ បច្ចេកទេស បន្តដល់សមាជិកក្រុមរបស់ពួកគេក្នុង ៣៦ភូមិ នៃខេត្តគោលដៅទាំងពីររបស់គម្រោង។
កសិករគំរូនៃគម្រោងអភិវឌ្ឍន៍កុមារតូចលោកស្រី ជឿន ចាន់នឹង បានចាត់ទុកថា គម្រោងនេះពិតជាល្អសម្រាប់ លោកស្រី និងក្រុមគ្រួសារគោលដៅដទៃទៀត ព្រោះ ក្រោយ ពីចូលរួមជាមួយគម្រោងមួយឆ្នាំមកនេះ លោកស្រីរៀនសូត្រ បានពីរបៀបដាំដុះបន្លែ ការប្រើប្រាស់ជី ការរៀបចំដី ការបណ្តុះ ដំណាំ ការធ្វើជីកំប៉ុស ពិសេសរបៀបធ្វើបបរខាប់គ្រប់ គ្រឿង សម្រាប់កូនតូចថែមទៀត។
លោកស្រី ចាន់នឹងបន្តថា៖ «គម្រោងនេះ ជួយខ្ញុំ នឹងគ្រួសារ ច្រើនណាស់ តាមរយៈការកាត់បន្ថយចំណាយលើការដាំដុះ ព្រោះខ្ញុំចេះពីរបៀបផលិតជីធម្មជាតិ ហើយឃើញថាសុខភាព កូនតូច និងគ្រួសារល្អប្រសើរជាងមុនព្រោះទទួល បានអាហារ សុខភាព»។
គួរបញ្ជាក់ដែរថា គម្រោងអភិវឌ្ឍន៍កុមារតូច គឺអនុវត្តន៍ ដោយ វិទ្យាស្ថានស្រាវជ្រាវត្រីកោណ និង អង្គការ ហេឡែន ខេលល័រ អន្តរជាតិ ដោយទទួលបានមូលនិធិពីទីភ្នាក់ងារសហរដ្ឋ អាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិឬយូសេដ (USAID)។
គម្រោងនេះ មានរយៈពេល៥ឆ្នាំ គឺចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០២០ រហូតដល់ ខែកក្កដា ឆ្នាំ២០២៥។ក្រៅពី នេះ គម្រោងនេះទៀតសោធក៏បានចូលរួមបង្កើនផលិផលកសិកម្មខ្នាតតូច ដូចជាការដាំដុះ បន្លៃ ឈើហូបផ្លែ ការចិញ្ចឹមសត្វ យេនឌ័រក៏ដូចជាបានផ្តល់សារគន្លឹះដើម្បីផ្លាស់ប្តូរឥរិយាបទក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភកម្ពុជាថែមទៀត៕
ដោយ៖ សែម ពិសី