អ្នកជំនាញ៖ ទីផ្សារអចលនទ្រព្យនៅខេត្តចំនួន ពីរកំពុងមាន សញ្ញាវិជ្ជមានក្រោយរដ្ឋាភិបាលសម្រេចបង្កើតក្រុងថ្មី
ភ្នំពេញ៖អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា បានឱ្យដឹងថា សកម្មភាពអចលនទ្រព្យនៅក្នុងក្រុងថ្មីនៃខេត្តកំពង់ស្ពឺ និង ខេត្ត កណ្តាលនេះ ចាប់ផ្ដើមមានសញ្ញាល្អ ដោយក្នុងនោះ ចរន្តនៃ ការ ដោះដូរដីធ្លីកាន់តែស្ទុះជាងមុន ក្រោយពេលរដ្ឋាភិបាល សម្រេច បង្កើតក្រុងថ្មី។។ ក្រុងថ្មីចំនួនបីទៀតនោះ គឺពីរក្រុងក្នុង ខេត្តកណ្តាល និងមួយក្រុងទៀត នៅក្នុងខេត្តកំពង់ស្ពឺ។
កាលពីខែមុនរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបំបែកស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺជាពីរ ដោយត្រូវបង្កើតទៅជាក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺវិញ។ ក្រុងឧដុង្គម៉ែជ័យ នឹងកាត់យកឃុំចំនួនប្រាំ ខណៈស្រុកសាមគ្គីមុនីជ័យ នឹងត្រូវ យក ឃុំចំនួន១០នៃស្រុកឧដុង្គ។ ខេត្តកណ្តាលវិញ រាជរដ្ឋា ភិបាលប្រកាសក្នុងពេលថ្មីៗនេះ ក៏បានសម្រេចបង្កើត ក្រុង សំពៅពូន នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួនប្រាំ ពីរ ស្រុកកោះធំ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេច បង្កើត ក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ដោយកាត់យកឃុំ ចំនួន ប្រាំមួយ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួនប្រាំពីស្រុកល្វាឯម។ ជារួម ខេត្តកណ្តាល នឹងមានក្រុងចំនួនបី គឺក្រុងតាខ្មៅ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូននេះ។
លោក សុខ សុខេង អ្នកអភិវឌ្ឍន៍និងភ្នាក់ងារអចលនទ្រព្យ មួយរូប នៅប្រចាំតំបន់នោះ បានឱ្យដឹងថា បច្ចុប្បន្នការ អភិវឌ្ឍ តាមបណ្ដោយផ្លូវ៥១ ឃើញថាចាប់ផ្ដើមមាន សកម្មភាព ឡើងវិញ ក្រោយពីរដ្ឋាភិបាលបានប្រកាសបង្កើតក្រុង ឧដុង្គម៉ែជ័យ ។
លោកថា វិនិយោគិននិងពលរដ្ឋជាច្រើនជាពិសេសពីភ្នំពេញ បានចាប់អារម្មណ៍លើការវិនិយោគនៅក្នុងទឹកដីនៃក្រុងថ្មីនេះ និងបានស្វែងរកទិញដីធ្លីនៅតំបន់នោះកាន់តែច្រើន ដែលធ្វើឱ្យ តម្លៃដីធ្លីក្នុងតំបន់នោះមានសន្ទុះ។
លោកបន្តថាសកម្មភាពនៃការវិនិយោគលើឧស្សាហកម្ម នៅ ក្នុងតំបន់ផ្លូវ៥១និងឧដុង្គក៏ឃើញថា ចាប់ផ្ដើមយ៉ាងសកម្មភាព ដោយក្រុមហ៊ុនធំៗ បានចូលទៅកាន់ទីនោះដើម្បីចាប់ផ្ដើម នូវគម្រោងរបស់ខ្លួន។
លោកបន្តដូច្នេះថា៖«ឆ្នាំ២០២២កន្លងទៅនេះ ក៏ដូចជាឆ្នាំ ២០២៣នេះដែរ យើងរំពឹងថាសកម្មភាពវិនិយោគ នៅតំបន់ នោះ នឹងកាន់ខ្លាំងឡើងថែមទៀត ហើយពេលនោះតម្រូវការ ដីធ្លីសម្រាប់ប្រើប្រាស់នឹងកាន់តែមានច្រើនឡើងៗផងដែរ»។
អគ្គនាយកក្រុមហ៊ុន Century 21 Mekong លោកច្រឹក សុខនីម បានលើកឡើងដែរថា ជាការពិត ដីធ្លីនៅក្នុងខេត្ត កំពង់ស្ពឺ និងខេត្តកណ្តាល ពិតមានសកម្មភាពល្អប្រសើរមែន ជាពិសេសដីធ្លីនៅក្នុងទីក្រុងថ្មីនៃខេត្តទាំងពីរនេះ គឺហាក់ទទួល បានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគជាតិ និង អន្តរជាតិ។
លោកថា ដោយសារតំបន់នោះជាតំបន់ប្រជុំជន បច្ចុប្បន្ននេះ នៅតំបន់អរិយក្សត្រដីមានតម្លៃចន្លោះពី៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ ទៅដល់ជាង១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ( តំបន់ផ្លូវធំ)។ ចំណែកឯនៅក្រុងថ្មីមួយទៀត គឺក្រុងសំពៅពូន គឺក្នុងមួយម៉ែត្រ ការ៉េចាប់ពី៥០ដុល្លារឡើងទៅ។ ដោយឡែក នៅក្រុងឧដុង្គ ម៉ែជ័យវិញ មានតម្លៃចន្លោះពី៧០ដុល្លារក្នុងមួយម៉ែត្រការ៉េ ទៅដល់១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ( តំបន់ផ្លូវធំ)ខណៈ ផ្លូវតូចវិញ មានតម្លៃចន្លោះពី២០ដុល្លារ-ទៅ៣០ដុល្លារក្នុង មួយមែត្រការ៉េ។
ត្បិតថា តំបន់ក្រុងថ្មីទាំងនេះ មានសកម្មភាពអចលទ្រព្យ មាន សញ្ញាល្អប្រសើរ តែលោកក៏បានជំរុញឱ្យរដ្ឋាភិបាល និង ស្ថាប័នពាក់ព័ន្ធ គួរតែផ្តោតការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បន្ថែម ក៏ដូចជាជំរុញនៅការគាំទ្រប្រព័ន្ធសេវាសាធារណៈបន្ថែម ដើម្បីជំរុញការអភិវឌ្ឍន៍នេះឱ្យកាន់តែរហ័ស ព្រោះតំបន់ ទាំងនេះ គឺ ជាតំបន់ថ្មីនៅឡើយ។
គួរបញ្ជាក់ដែរថា រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីចុងឆ្នាំមុន បានប្រកាស ពីផែនការប្រើប្រាស់ដីធ្លី រហូតដល់ឆ្នាំ២០៣៥ ផែនការនេះ នឹងពង្រីករាជធានីភ្នំពេញ ក្នុងកាំរង្វង់៣០គីឡូម៉ែត្រក្រឡា ដែលតំបន់មួយចំនួនក្នុងខេត្តកណ្តាល ស្ថិតនៅភាគខាង ជើងរាជធានីភ្នំពេញ នឹងកាត់បញ្ចូលក្នុងដែនរដ្ឋបាលរាជធានី ដែលនឹងអាចគ្របដណ្តប់ប្រជាជនប្រមាណប្រាំមួយ ទៅប្រាំពីរ លាននាក់នាពេលអនាគត។ តាមរយៈសកម្មភាពនេះ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា គឺបានជំរុញសកម្មភាពសេដ្ឋកិច្ច លើគ្រប់វិស័យ និងតម្លៃដីធ្លីក្នុងខេត្តទាំងនេះបានមួយកម្រិត ទៀតផងដែរ៕
ដោយ៖ សែម ពិសី