ពុទ្ធប្បដិមាខ្ពស់ជាងគេនៅកម្ពុជា ស្ថិតនៅឡើងភ្នំបូកគោ ត្រូវបានចាប់ផ្តើមសាងសង់
កំពត៖ពុទ្ធប្បដិមាដ៏ស្កឹមស្កៃខ្ពស់ជាងគេនៅកម្ពុជាដែលមាន កម្ពស់១០៨ម៉ែត្រ ស្ថិតនៅលើខ្នងភ្នំបូកគោ ខេត្តកំពត មាន តម្លៃប្រមាណ ៣០លានដុល្លារ ត្រូវបានបញ្ចុះបឋមសិលា បើកការដា្ឋនសាងសង់នៅថ្ងៃទី៤ ខែមករា ឆ្នាំ ២០២៣ ដែលត្រូវចំណាយពេលវេលាសាងសង់ប្រមាណបួនឆ្នាំ។
ក្នុងពិធីបញ្ចុះបឋមសិលានេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជា សុផារ៉ា,អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល ,ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន ,ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេស ចរណ៍, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌,ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា, ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងស្ថាបត្យករ ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើនអង្គ/នាក់ផងដែរ។
របាយការណ៍របស់ប្រធានក្រុមហ៊ុន សុខា អូតែល ដែល បានផ្សព្វផ្សាយ នៅថ្ងៃបញ្ចុះបឋមសិលា បានឱ្យដឹងថា គម្រោងកសាងពុទ្ធប្បដិមានេះ ជាពុទ្ធប្បដិមាដែលធំហើយ ខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោម ពុទ្ធប្បដិមា ខ្ពស់ៗ នៅលើពិភពលោក ដែលមានទម្រង់ ជា ព្រះពុទ្ធមារវិជ័យ ឬផ្ចាញ់មារ រចនាប័ទ្មបាយ័ន ដែលជា រចនាប័ទ្ម កំពូលនៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៧ សតវត្សរ៍ ទី១៣។
ក្នុងរបាយការណ៍ឱ្យដឹងថា៖«ក្រុមហ៊ុន សុខា អូតែល បានមាន គំនិតផ្តួចផ្តើម សាងសង់ពុទ្ធប្បដិមាធំមួយអង្គ នៅលើខ្នងភ្នំ បូកគោ ដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិកជន ប្រណិប័តន៍ ធម៌ និងឧទ្ទិសសុំសេចក្តីសុខសន្តិភាព សេចក្តីចម្រើនរុងរឿង ជានិច្ចនិរន្តរ៍តរៀងទៅសម្រាប់បងប្អូនប្រជាពលរដ្ឋយើង»។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានថ្លែង អំណរគុណដល់ក្រុមហ៊ុនសុខា អូតែលដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍតំបន់រមណីយដ្ឋានបូកគោនិងបានផ្ដួចផ្ដើមគំនិតសាងសង់ព្រះពុទ្ធបដិមានេះឡើងដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ព្រះពុទ្ធសាសនាដ៏ធំមួយនៅកម្ពុជានិងពិភពលោក។
ឯកឧត្តមថា៖«ទន្ទឹមនឹងការអភិវឌ្ឍន៍នៅលើភ្នំបូកគោ ក្រុមហ៊ុនសុខាបានយកចិត្តទុកដាក់លើវិស័យជំនឿសាសនាដែលជាវប្បធម៌និងប្រពៃណីទំនៀមរបស់ប្រជាពលរដ្ឋខ្មែរជាយូរលង់ណាស់មកហើយ»។
អភិបាលខេត្តកំពតមានប្រសាសន៍ថា ពុទ្ធបដិមាដ៏ធំនេះ ជា សមិទ្ធផលថ្មីមួយទៀតនៅក្នុងខេត្តកំពត ដែលនឹងរួមចំណែក ក្នុងការលើកកម្ពស់ការប្រតិបត្តិព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងបង្កើតបាននូវសក្តានុពលទេសចរណ៍ថ្មីមួយទៀតផងដែរ។
ពុទ្ធប្បដិមានេះ អនុវត្តការសាងសង់ដោយ ក្រុមហ៊ុន សុខា រៀល អ៊ីស្តែត ដែលជាក្រុមហ៊ុនខ្មែរ មាន វិញ្ញាបនបត្រប្រកប អាជីវកម្មសាងសង់ដោយក្រុមហ៊ុននឹងប្រើប្រាស់អ្នកបច្ចេកទេសជំនាញក្នុងស្រុក និងសហការជាមួយអ្នកបច្ចេកទេស ជំនាញ មួយចំនួនពីបរទេស ក្នុងករណីចាំបាច់។
ពុទ្ធប្បដិមានេះ សាងសង់នៅលើខ្នងភ្នំបូកគោ ដែលមាននីវ៉ូដី កម្ពស់ ៩៦២ ម៉ែត្រ ពីផ្ទៃសមុទ្រ ក្នុងភូមិសាស្ត្រវាលស្រែ ៥០០ នៃឧទ្យានជាតិព្រះមុនីវង្ស បូកគោ” ដោយសាងសង់ពីបេតុង អាម៉េ មានពណ៌មាស បែរព្រះភក្ត្រទៅទិសខាងកើត មានកម្ពស់ ១០៨ ម៉ែត្រ ពីនីវ៉ូសូន្យ នៃខឿនផ្ទាល់ដី ដល់កំពូលព្រះមោលី ដែលតំណាងឱ្យមង្គលទាំង ១០៨ របស់ព្រះអង្គ ទ្រង់គង់ភ្នែន នៅលើបល្ល័ង្កផ្កាឈូក រាងរង្វង់។
គម្រោងសាងសង់ពុទ្ធប្បដិមានេះ ត្រូវបានធ្វើការសិក្សា និង គូរប្លង់ស្ថាបត្យកម្ម ដោយស្ថាបត្យករ ខ្មែរមួយក្រុម ដោយ មាន ការចូលរួមផ្តល់យោបល់ និងកែលម្អបន្ថែម ពីក្រុមការងារ បច្ចេកទេសអន្តរក្រសួង ដែលដឹកនាំដោយ ក្រសួងបរិស្ថាន និង ចូលរួមដោយក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត ដែលមាន លក្ខណៈ និងរសនិយមជាខ្មែរ៕ ដោយ៖ ឡាយ សាមាន