ផ្ទៃដីជាង ៣០ លានម៉ែត្រក្រឡា ត្រូវបានរំដោះចេញពីមីន និង គ្រាប់មិនទាន់ផ្ទុះ ក្នុងឆ្នាំ២០២២ ដោយអង្គការ ហេឡូត្រាស
ភ្នំពេញ៖ ផ្ទៃដីជាង៣០ លានម៉ែត្រក្រឡា ត្រូវបានរំដោះចេញ ពី មីន និងគ្រាប់មិនទាន់ផ្ទុះ ក្នុងប្រទេសកម្ពុជា និងមីនប្រឆាំង មនុស្ស មីនប្រឆាំងយានយន្ត និងគ្រាប់សំណល់ជាតិផ្ទុះពី សង្គ្រាម ជាច្រើនរាប់សិបម៉ឺនគ្រាប់ ត្រូវបានកម្ទេចចោល ដោយក្រុមជំនាញនៃអង្គការការហេឡូត្រាសក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២ កន្លងមកនេះ។
យោងតាមអង្គការហេឡូត្រាសបានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ក្រុមជំនាញរបស់អង្គការនេះ បានរំដោះផ្ទៃដីពីគ្រាប់មីន និង គ្រាប់មិនទាន់ផ្ទុះ ឲ្យមានសុវត្ថិភាពបានចំនួន ៣០,៤៤១, ១០៦ ម៉ែត្រក្រឡា។
អង្គការដដែលបានបន្តថា ក្រុមការងារក៏បានកម្ទេច មីន ប្រឆាំង មនុស្ស បានចំនួន ១៨,១២៧ គ្រាប់, មីនប្រឆាំង យានយន្ត ៦៦ គ្រាប់ និងគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមជាង ២៨,០០០ គ្រាប់ ផងដែរ។ ក្រុមអប់រំមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានផ្តល់ការអប់រំ ចំនួន ៩,២៦២ វគ្គ ដល់ប្រជាជនចំនួន ៨៣,១១៩ នាក់។
កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ខេត្ត ត្បូងឃ្មុំ ដែលត្រូវបានប្រកាសជាខេត្តអស់មីននោះ ក៏ជាការរួម ចំណែករបស់ក្រុមការងាររបស់អង្គការហេឡូត្រាសផងដែរ ដោយក្រុមការងារបានចុះធ្វើការស្រាវជ្រាវចម្ការមីន ការឆ្លើយ តបសំណើកម្ទេចមីន និងគ្រាប់តាមសហគមន៍ និងការអប់រំអំពី មីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងខេត្តនេះចាប់តាំងពីឆ្នាំ ២០១០ និងចាប់ផ្តើមបោសសម្អាតមីន ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ផ្ទៃដីដែលសង្ស័យមានមីន និង គ្រាប់ មិនទាន់ផ្ទុះក្នុងខេត្តត្បូងឃ្មុំសរុបប្រមាណជាង ៦៧,៧ គីឡូម៉ែត្រក្រឡា ស្មើនឹង ៨៦៧ ចម្ការមីន/គ្រាប់ ត្រូវបានបោស សម្អាត។ គ្រាប់មីនប្រឆាំងមនុស្សចំនួន ១៩៦៧ គ្រាប់មីន ប្រឆាំង រថក្រោះចំនួន ១៥៨ និងគ្រាប់មិនទាន់ផ្ទុះចំនួន ១១៥.៤៦៣ ត្រូវបានរកឃើញ និងកម្ទេចដោយ ស៊ីម៉ាក់ (CMAC), HALO, MAG និង NPMEC ។
អង្គការហេឡូត្រាសកម្ពុជា ពិតជាមានមោទនភាពដែលបាន ចូល រួមចំណែកក្នុងសមិទ្ធិផលនេះ ហើយក៏អរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងម្ចាស់ជំនួយសម្រាប់ការបន្តគាំទ្រដល់ ការងារសង្គ្រោះជីវិតរបស់អង្គការនេះផងដែរ។
ទាក់ទងនឹងអង្គការហេឡូត្រាស្តកម្ពុជានេះដែរឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាលោក ដូមីនិក វីល្លៀម( Dominic Williams) បានថ្លែងក្នុងពេលលោកធ្វើដំណើរទៅ ចម្ការ មីនជាមួយ ក្រុមការងាររបស់ The HALO Trust នៅខេត្ត សៀមរាប កាលពីខែធ្នូ កន្លងទៅថ្មីនេះថា អង្គការហេឡូត្រាស បានធ្វើការនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩២មកម្ល៉េះ។
លោកបានលើកឡើងថា ៖ «យើងបានមើលការងាររបស់ ពួកគេនៅចំការមីន ដោយឃើញថាពួកគេបានធ្វើការយ៉ាងខ្លាំង ពួកគេធ្វើការក្រោមកំដៅព្រះអាទិត្យ ធ្វើការងារធ្ងន់ ហើយភាគ ច្រើនមន្រ្តីនៃអង្គការហេឡូត្រាស្តគឺជាប្រជាជនខ្មែរ ដែលធ្វើ សេវាកម្មយ៉ាងសំខាន់សម្រាប់សហគមន៍កម្ពុជា»។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កម្ពុជា បានឱ្យដឹងថាអង្គការ HALO Trust បានចូលរួមផ្តល់ដី សុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណមួយលាននាក់ ក្នុងរយៈពេល ៣០ឆ្នាំមក ដោយបានបោសសម្អាតមីន និង សំណល់ជាតិផ្ទុះពីសង្រ្គោះ ក្នុងទំហំផ្ទៃដី ៤៣៣ គីឡូម៉ែត្រ ក្រឡា រកឃើញ និងកម្ទេចចោលគ្រាប់មីនចំនួន ៣២២ ៥១៥ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២១២ ២៦០។
ឯកឧត្តម លី ធុជ បានបញ្ជាក់ថា ៖ «អង្គការ HALO Trust គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដំបូងគេ ដែលមកជួយ កម្ពុជា ក្នុងការចាប់ផ្តើមបោសសម្អាតមីននៅក្នុងប្រទេស និងបានចូលរួមដឹកនាំក្នុងវិស័យនេះរហូតដល់ពេលបច្ចុប្បន្ន។ ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២២ អ្នកដោះមីនអង្គការ HALO Trust បានជួបគ្រោះថ្នាក់ក្នុងកំឡុងពេលកំពុងប្រតិបត្តិការ ៥០នាក់ ក្នុងនោះបានពលីចំនួន ៩នាក់»។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម លី ធុជ បានកោត សរសើរចំពោះសមត្ថភាពប្រកបដោយវិជ្ជាជីវៈរបស់បុគ្គលិកអង្គការ HALO Trust ដែលបានលះបង់ និងចូលរួមដល់ការងារ បោសសម្អាតមីន និងជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋ កម្ពុជា ទោះបីជាមានស្ថានភាពលំបាកយ៉ាងណាក៏ដោយ។
បច្ចុប្បន្ននេះ អង្គការ HALO Trust មានបុគ្គលិកជាង ១១០០ នាក់ (បរទេស ៦នាក់) ក្នុងនោះបុគ្គលិកជាស្រ្តី ៤៦ភាគរយ៕
ដោយ៖នាង សុគន្ធា