ករណីឆ្លងជំងឺគ្រុនចាញ់ ក្នុងឆ្នាំ២០២២ មានការថយចុះ៦ ភាគរយ ធៀបនឹងឆ្នាំ២០២១
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធ ប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានឱ្យដឹងថា ករណីនៃជំងឺគ្រុនចាញ់ក្នុងឆ្នាំ ២០២២ មាន ការថយចុះជាងឆ្នាំ២០២១ កន្លងមក ខណៈដែលមិនមាន អ្នកស្លាប់ដោយជំងឺនេះផងដែរ។
មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត សាស្ត្រ និងបាណកសាស្ត្រ បានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២២ ករណីជំងឺគ្រុនចាញ់ មានចំនួន ៤ ០៤២ ករណី ដែលចំនួននេះ មានការថយចុះចំនួន ៦ ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលមាន ករណីគ្រុនចាញ់ ចំនួន ៤ ៣១៨ ករណី។
សូមបញ្ជាក់ថា កម្ពុជាមិនមានករណីស្លាប់ដោយសារជំងឺគ្រុន ចាញ់ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ដែល មានន័យថា កម្ពុជាសម្រេចបានជោគជ័យមុនគោលដៅគ្រោង ទុកឆ្នាំ ២០២០។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាធ្លាប់បានលើក ឡើងនាទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាពេលកន្លងមកថា ទោះបីការងារប្រយុទ្ធ នឹងជំងឺគ្រុនចាញ់កំពុងទទួលបាននូវ សមិទ្ធផល យ៉ាងមានប្រសិទ្ធភាពខ្ពស់យ៉ាងណាក៏ដោយ ក៏ត្រូវតែខិតខំបង្កើនល្បឿនទៀតនៃការលុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការដូចមានក្នុងអភិក្រមសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ដំណាក់កាលទី ២ ឆ្នាំ ២០២១-២០២៥ ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០១១-២០២៥។
សម្ដេចតេជោមានប្រសាសន៍ថា ៖ «បើទោះជាក្នុងបរិយាកាស ដ៏លំបាកដោយសារកូវីដ ១៩ ក៏ដោយ ក៏ការងារប្រយុទ្ធនឹងជំងឺ គ្រុនចាញ់របស់យើងនៅតែប្រតិបត្តិបាននូវអភិបាលកិច្ចល្អ និងប្រសិទ្ធភាពខ្ពស់ សម្រាប់ការចូលរួមចំណែកឈាន ទៅ សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ ធានាឱ្យជីវភាពរស់នៅរបស់ប្រជាជនប្រកប ដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពរបស់ មនុស្ស គ្រប់រូប និងគ្រប់វ័យ»។
សូមបញ្ជាក់ថា អភិក្រមសកម្មភាពការងារលុបបំបាត់ជំងឺ គ្រុនចាញ់ ឆ្នាំ២០២១-២០២៥ ត្រូវបានក្រសួងសុខាភិបាល ដែលបានអនុម័តឱ្យប្រើប្រាស់ចាប់ពីឆ្នាំ២០២១ ត្រូវបាន យកមកអនុវត្តអស់រយៈពេល ២ឆ្នាំហើយ ដែលអំឡុងពេល នៃការអនុវត្តនេះ មជ្ឈមណ្ឌលជាតិ ក្រសួង-មន្ទីរពាក់ព័ន្ធ ដៃគូវិនិយោគ ដៃគូអនុវត្តន៍ ជាតិនិងអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធ គ្រប់ថ្នាក់ រហូតដល់ថ្នាក់មូលដ្ឋាន បានសម្រេចបាននូវលទ្ធផល ជាផ្លែផ្កាជាច្រើន គួរឲ្យកោតសរសើរ។
ទាក់ទងនឹងជំងឺគ្រុនចាញ់នេះដែរ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារលុបបំបាត់ជំងឺ គ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូននៃក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ និង ក្រុមការងារស្ត្រី ចែកមុងជ្រលក់ថ្នាំដល់ប្រជាសហគមន៍ ក្នុងឃុំចំនួន០៣ ក្នុងខេត្តព្រះសីហនុ កាលពីដើមសប្តាហ៍ កន្លងមកនេះ។ សហគមន៍ទាំងនោះមានក្នុង ឃុំទឹកថ្លា ឃុំទឹកល្អក់ និង ឃុំសាមគ្គី ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកស្រីបានថ្លែងនាឱកាសនោះថា ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាលបានសហការគ្នាយ៉ាងស្អិតរមួត ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ នៅតាមសហគមន៍មូលដ្ឋាន និងតំបន់ការពារធម្មជាតិ ឱ្យបានសម្រេចនៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០២១-២០២៥។
ខេត្តគោលដៅចំនួនប្រាំមួយ ដែលនៅមានអត្រាឆ្លងជំងឺគ្រុន ចាញ់ នៅឡើយ រួមមាន ខេត្តកំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងក្រចេះ ដែលត្រូវបានយកចិត្ត ទុកដាក់ជាពិសេស។ នេះជាការបញ្ជាក់ពីលោកស្រី ម៉ុម ថានី។ ដោយឡែក ទោះបីខេត្តព្រះសីហនុអាចគ្រប់គ្រងការឆ្ឆង ជំងឺ គ្រុនចាញ់បាន ប៉ុន្តែថ្មីៗនេះអត្រាឆ្លងជំងឺគ្រុនឈាមបានកើន ឡើងគួរឱ្យព្រួយបារម្ភទើបក្រុមការងារក្រសួងបរិស្ថាននៅតែបន្តផ្សព្វផ្សាយ អំពីវិធានការស្ដីពីការពារ បង្ការ ទប់ស្កាត់ជំងឺគ្រុន ចាញ់ និងជំងឺគ្រុនឈាមឱ្យបានគ្រប់ខេត្តទាំងអស់ ក្នុងប្រទេស កម្ពុជា។
លោកជំទាវ មានប្រសាសន៍ថា ៖ «ប្រជាសហគមន៍ទាំងអស់ ត្រូវតែសម្រាន្តក្នុងមុងជ្រលក់ថ្នាំ និងត្រូវមានអនាម័យ ថែរក្សា សុខភាព បរិស្ថានល្អ ក្នុងការស់នៅប្រចាំថ្ងៃ ដើម្បីជៀសផុតពី ជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗទៀត»៕
ដោយ៖នាង សុគន្ធា