មេដឹកនាំអាមេរិក-អាល្លឺម៉ង់នឹងផ្តល់រថពាសដែកប្រយុទ្ធទៅឱ្យអ៊ុយក្រែន
មេដឹកនាំអាមេរិក និងអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសថា ពួកគេកំពុងបញ្ជូនរថពាសដែកប្រយុទ្ធទៅកាន់ប្រទេសអ៊ុយក្រែន ដោយបង្កើនការគាំទ្រផ្នែកយោធាសម្រាប់ទីក្រុងកៀវ ដើម្បីវាយលុកកងកម្លាំងរុស្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងផ្តល់ឱ្យអ៊ុយក្រែននូវរថពាសដែកប្រយុទ្ធ Bradley ខណៈដែលអាល្លឺម៉ង់នឹងផ្តល់រថពាសដែកប្រយុទ្ធ Marder។
លោក បៃដិន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ពេលនេះសង្គ្រាមនៅអ៊ុយក្រែនគឺស្ថិតនៅចំណុចសំខាន់មួយ។ យើងត្រូវតែធ្វើគ្រប់យ៉ាងតាមដែលយើងអាចធ្វើបាន ដើម្បីជួយប្រជាជនអ៊ុយក្រែន ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។
បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ លោក បៃដិន និងលោក សូលស៍ បានសម្តែងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេ ក្នុងការបន្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ, មនុស្សធម៌, យោធា និងការទូតចាំបាច់ដល់អ៊ុយក្រែនឱ្យបានយូរតាមដែលខ្លួនតម្រូវការ។
ទន្ទឹមគ្នា មន្ត្រីអាមេរិកបានប្រាប់កាសែតរ៉យទ័រថា កញ្ចប់សព្វាវុធរបស់សហរដ្ឋអាមេរិក ដែលនឹងប្រកាសក្នុងថ្ងៃសុក្រនេះ ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលរថពាសដែកប្រយុទ្ធ Bradley ប្រហែល ៥០គ្រឿង ដែលជាផ្នែកមួយនៃជំនួយសន្តិសុខសរុបមានតម្លៃ ២.៨ពាន់លានដុល្លារ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ទីណា