អាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរជំនាញ ជំរុញឲ្យ ADB ដែលជា ម្ចាស់អនុវត្តគម្រោង ពន្លឿនការសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់នៅក្នុងក្រុង តាមផែនការបានកំណត់ របស់ខ្លួន
ខេត្តបាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរជំនាញបានលើកឡើងពីការសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងបាត់ដំបង ដោយជំរុញឲ្យពន្លឿនការសាងសង់ ហើយគម្រោងនេះ អនុវត្តដោយ ADB ជាម្ចាស់គម្រោង ខណៈដែលរដ្ឋបាលខេត្ត រង់ចាំធ្វើការស្តារជួសជុលឡើងវិញ ផ្លូវដែលរងការខូចខាតកន្លងមកឲ្យល្អប្រសើរឡើង ។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ផ្លូវជាច្រើនខ្សែក្នុងក្រុងបាត់ដំបង បានរងការខូចខាតខ្លាំងដោយសារការជីកកកាយ ដើម្បីសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ ហើយបានបង្កផលប៉ះពាល់ និងបង្កការរំខានដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ លោកក៏បានស្នើឲ្យមានការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូន ខណៈដែលរដ្ឋបាលខេត្តបានគិតគូរត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីជួសជុលសាងសង់ផ្លូវទាំងនោះឡើងវិញ ក្រោយពីគម្រោងADBត្រូវបានបញ្ចប់នូវគម្រោងនៃការស្ថាបនាប្រព័ន្ធលូរំដោះទឹកកខ្វក់ ប៉ែកខាងកើតស្ទឹង ។
លោកបន្ថែមថា៖ ដោយសារកំណើនប្រជាជនរស់នៅក្នុងក្រុងបាត់ដំបង កាន់តែច្រើន ការអភិវឌ្ឍទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក សំណង់អគារ និងលំនៅឋានកើនព្រមៗគ្នា បណ្ដាលឱ្យមានបញ្ហាចោទឡើងពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងទឹកកខ្វក់ដែលជាកង្វល់ ទាមទារត្រូវយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោលដៅ។
លោក ព្រួញ រិទ្ធថា បានគូសបញ្ជាក់ថា៖ ដើម្បីដោះស្រាយបញ្ហាខាងលើ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ផ្សេងទៀត បានដាក់ចេញនូវផែនការសកម្មភាព ក្នុងការគ្រប់គ្រងទៅលើទឹកកខ្វក់តាមរយៈនៃកិច្ចសហការជាមួយដៃគូក្រសួងនិងស្ថាប័នពាក់ព័ន្ធនានាក្នុងការរៀបចំនូវប្រព័ន្ធលូរំដោះទឹកកខ្វក់និងប្រព័ន្ធលូរំដោះទឹកភ្លៀង ដាច់ដោយឡែកពីគ្នានិងបង្កើតនូវអាងប្រព្រឹត្តកម្មទឹកកខ្វក់ ឱ្យបានសមស្រប ដើម្បីប្រមូល និងធ្វើប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ ទាំងប៉ែកខាងកើតស្ទឹងសង្កែ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន )