អ៊ុយក្រែនទាត់ចោលបទឈប់បាញ់របស់លោក ពូទីន នៅថ្ងៃបុណ្យណូអែលរបស់រុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សលេនស្គី បានថ្លែងអះអាងថា បទឈប់បាញ់របស់លោក ពូទីន គឺគ្រាន់តែជាការប៉ុនប៉ង ដើម្បីបញ្ឈប់ការប្រយុទ្ធរបស់យោធាអ៊ុយក្រែននៅក្នុងតំបន់ដុនបាស់ ភាគខាងកើត ហើយរុស្ស៊ីនឹងនាំយកកងកម្លាំង ក៏ដូចជាឧបករណ៍ចូលបន្ថែមទៀត។

បន្ទរពីក្រោយ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា បានថ្លែងថា រុស្ស៊ីបានព្រងើយកន្តើយនឹងសំណើរបស់លោក ហ្សេលេនស្គី សម្រាប់ការចរចាសន្តិភាព។ លោក គូលេបា ចង់ចង្អុលបង្ហាញពីការបាញ់ផ្លោងរបស់រុស្ស៊ីទៅលើទីក្រុងខឺសុន កាលពីថ្ងៃទី២៤ ខែធ្នូ និងការវាយប្រហារនៅថ្ងៃចូលឆ្នាំសកល ដែលជាភស្តុតាងនៃភាពអសមត្ថភាពរបស់រុស្ស៊ី ក្នុងការបញ្ឈប់អរិភាពក្នុងអំឡុងពេលប្រារព្ធបុណ្យសាសនា។

ចំណែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ជឿជាក់ដែរថា លោក ពូទីន គឺគ្រាន់តែព្យាយាមស្វែងរកខ្យល់ដកដង្ហើមបន្តិចប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យរដ្ឋមន្ត្រីការពារជាតិរបស់គាត់ កំណត់បទឈប់បាញ់រយៈពេល ៣៦ម៉ោង នៅសមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន ដោយចាប់ផ្តើមពីថ្ងៃសុក្រនេះទៅ។

បទឈប់បាញ់ដែលគ្រោងចាប់ផ្តើមនៅម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) គឺស្របពេលជាមួយនឹងបុណ្យណូអែល អូស្សូដក់ របស់រុស្ស៊ី។ ជាមួយគ្នានេះ លោក ពូទីន បានស្នើឲ្យអ៊ុយក្រែនប្រកាសបទឈប់បាញ់វិញដែរ ប៉ុន្តែទីក្រុងកៀវបានច្រានចោលសំណើនេះភ្លាមៗ៕ ប្រភព៖ BBC ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner