ប្រធានមន្ទីរការងារខេត្តបាត់ដំបង ជំរុញដល់សិស្សទើបបញ្ចប់ការសិក្សាឆ្នាំ២០២២ ឲ្យចាប់យកមុខជំនាញនៅគ្រឹះស្ថាន នៃវិទ្យាស្ថានពហុបច្ចេកទេស (TVET)ទាំង៣ក្នុងខេត្ត
ខេត្តបាត់ដំបង ៖ លោក មាស ដារ៉ា ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង បានអំពាវនាវដល់សិស្សានុសិស្សដែលទើបតែបញ្ចប់ការសិក្សាបឋមភូមិ និងមធ្យមសិក្សាក្នុងខេត្ត បើទោះបីប្រឡងជាប់ឬធ្លាក់ក្តីក្នុងឆ្នាំ២០២២នេះ គួរក្មួយៗធ្វើការសម្រេចចិត្តជ្រើសរើសនូវការសិក្សាមុខជំនាញបច្ចេកទេស ណាមួយឲ្យពិតប្រាកដ នៅតាមបណ្តាគ្រឹះស្ថាន នៃវិទ្យាស្ថានបណ្តុះបណ្តាលបពហុច្ចេកទេស (TVET) ទាំង៣របស់រដ្ឋ ដើម្បីមានឱកាសនឹងទទួលបាននូវ មុខជំនាញ ដើម្បីរកការងារ ថែមទាំងទទួលបានប្រាក់ចំណូល តាមរយៈសមត្ថភាពជំនាញរបស់ខ្លួនក្នុងការលើកកម្ពស់សមត្ថភាពជំនាញ និងការប្រកបអាជីវកម្មផ្សេងៗរបស់ខ្លួន។
ក្នុងនាមជាមន្ទីរជំនាញ លោក មាស ដារ៉ា ក៏សូមអំពាវនាវ និងផ្តល់ការលើកទឹកចិត្តដល់សិស្សនុសិស្ស ទោះបីជាប់ឬធ្លាក់បាក់ឌុប ឬក៏បញ្ចប់នូវកម្រិតបឋមឬមធ្យមក្តី សូមកុំបោះបង់ចោលសាលា កូន ក្មួយ ត្រូវចាប់យកជំនាញបច្ចេកទេសវិជ្ជាជីវៈ(TVET)ដែលបច្ចុប្បន្នកំពុងមានតម្រូវការទីផ្សារការងារ និងទទួលបានប្រាក់ចំណូលខ្ពស់។
សូមបញ្ជាក់ថា ក្នុងខេត្តបាត់ដំបង បានប្រកាសផ្ដល់អាហារូបករណ៍សិក្សាឥតបង់ថ្លៃសម្រាប់ឆ្នាំសិក្សា២០២២-២០២៣សរុបប្រមាណជាង ២ ៥០០កន្លែង៕ដោយ៖អ៊ុក សំអាន


