សម្ដេចតេជោ ហ៊ុន សែន៖ ខួបនៃទិវាជ័យជម្នះ ៧មករា ឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ
ភ្នំពេញ៖ ខួបនៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីបានងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺកូវីដ-១៩ ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាមួយ នឹងការលេចត្រដែតឡើងនូវកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។
នេះជាប្រសាសន៍លើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៣) នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាទូតនានាប្រចាំកម្ពុជា ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ប្រមាណជាង ៥ម៉ឺននាក់ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤៤ នៃជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិខ្មែរឲ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ របស់កម្ពុជា និងរបស់មនុស្សជាតិ។
យើងប្រារព្ធខួបអនុស្សាវរីយ៍នេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរ- យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា អ្នកស្នេហាជាតិទាំងឡាយ និងវីរយុទ្ធជននៃកងទ័ពស្ម័គ្រ ចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ រហូតពលិកម្មអាយុជីវិតក្នុងការប្រយុទ្ធ ដើម្បីផ្ដួលរំលំ របបប្រល័យពូជសាសន៍ រំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរណ្តៅមរណៈនៃរបបដ៏យង់ឃ្នងនេះ។
ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយ សង្រួមចិត្ត គោរពដួងវិញ្ញាណក្ខ័ន្ធជនរួមជាតិរាប់លាននាក់ ដែលបាន បាត់បង់ជីវិតទៅយ៉ាងអណោចអធម៌ និងអយុត្តិធម៌បំផុតដោយសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ហើយ ឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខ័ន្ធរបស់លោកអ្នកទាំងអស់នោះបានទៅកាន់សុគតិភពជារៀងរហូតទៅ ៕ ដោយ ៖ វណ្ណលុក
