សម្ដេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្ន ប្រជាជនកម្ពុជា កំពុងរស់នៅយ៉ាងសុខដុមរមនាប្រកបដោយក្តីសង្ឃឹម ក្រោមម្លប់នៃសន្តិភាព
ភ្នំពេញ៖ ថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៣) នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាទូតនានាប្រចាំកម្ពុជា ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ប្រមាណជាង ៥ម៉ឺននាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ន ប្រជាជនកម្ពុជា កំពុងរស់នៅយ៉ាងសុខដុមរមនាប្រកបដោយក្តីសង្ឃឹម ក្រោមម្លប់នៃសន្តិភាព ហើយខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីអភិវឌ្ឍមាតុភូមិ និងលើកកម្ពស់ជីវភាពរបស់ខ្លួន។
សម្ដេចតេជោ បានបន្តថា ទោះបីជាយ៉ាងនេះក្តី ក៏ការឈឺចាប់ខ្លោចផ្សាដែលបណ្តាលមកពីការបាត់បង់យ៉ាងធំធេងក្នុងសម័យកាលដ៏ខ្មៅ ងងឹតបំផុតនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍រយៈពេល ៩ឆ្នាំ ពីឆ្នាំ ១៩៧០ ដល់ដើមឆ្នាំ ១៩៧៩ នៅ តែដក់ជាប់ជានិច្ចក្នុងមនសិការរបស់ខ្មែរគ្រប់រូបដែលមិនអាចបំភ្លេចបានឡើយ។
សម្ដេចបន្ថែមថា យើងទាំងអស់គ្នា នៅតែចងចាំថា រដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ បាននាំប្រទេសជាតិពីសន្តិភាពឲ្យធ្លាក់ទៅក្នុងភ្លើង សង្គ្រាមដ៏សន្ធោរសន្ធៅបំផុត ដែលបានដុតបំផ្លាញមាតុភូមិ និងសម្លាប់ជីវិតប្រជាជនយើងអស់ជាងកន្លះលាននាក់។ បន្ទាប់មក ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មាតុភូមិកម្ពុជាដ៏អភ័ព្វ បានបន្តធ្លាក់ទៅក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ដែលពួកឃាតករ ប៉ុល ពត បានបង្កឡើង។
សម្ដេចបានមានប្រសាសន៍បន្តទៀតថា នៅក្រោមរបបផ្ដាច់ការរបស់ប៉ុល ពត សង្គម ជាតិទាំងមូលត្រូវក្រឡាប់ចាក់ រចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមត្រូវបំផ្លាញខ្ទេចខ្ទីដល់ឫសគល់ សិទ្ធិសេរីភាពគ្រប់ យ៉ាងរបស់ប្រជាជនត្រូវបាត់បង់ទាំងស្រុង ប្រជាជនជាង ៣លាននាក់ ត្រូវសម្លាប់យ៉ាងអយុត្តិធម៌ ឯអ្នកនៅ រស់ក៏រង់ចាំតែថ្ងៃត្រូវគេយកទៅសម្លាប់ប៉ុណ្ណោះ។ ច្បាស់ណាស់ បើគ្មានការជួយសង្គ្រោះឲ្យទាន់ពេលទេ នោះ ប្រជាជាតិយើងត្រូវប្រឈមនឹងការវិនាសដែលមិនអាចវិលត្រឡប់វិញបានឡើយ។
សម្ដេចបន្តថា ក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា ដែលនៅសល់ពីការកាប់សម្លាប់នៃរបបប៉ុល ពត បានក្រោកឈរតស៊ូប្រឆាំងនឹងរបបព្រៃផ្សៃនេះ ប្រកបដោយវីរភាពបំផុត ៕ ដោយ ៖ វណ្ណលុក

