សម្ដេចតេជោ ហ៊ុន សែន រំលឹកពីមាគ៌ាឆ្ពោះទៅរកការផ្ដួលរំលំរបប ប៉ុល ពត មានព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រមួយចំនួនដែលមានអត្ថន័យជ្រាលជ្រៅបំផុតចំពោះដំណើរការសង្គ្រោះជាតិ

ភ្នំពេញ៖ ថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៣) នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាទូតនានាប្រចាំកម្ពុជា ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ប្រមាណជាង ៥ម៉ឺននាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកពីមាគ៌ាឆ្ពោះទៅរកការផ្ដួលរំលំរបប ប៉ុល ពត មានព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រមួយចំនួនដែលមានអត្ថន័យជ្រាលជ្រៅបំផុតចំពោះដំណើរការសង្គ្រោះជាតិ ។

សម្ដេចតេជោ បានមានប្រសាសន៍ថា នៅលើមាគ៌ាឆ្ពោះទៅរកការផ្ដួលរំលំរបបប៉ុល ពត មានព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រមួយចំនួនដែល មានអត្ថន័យជ្រាលជ្រៅបំផុតចំពោះដំណើរការសង្គ្រោះជាតិ។ ព្រឹត្តិការណ៍ទាំងនោះរួមមាន៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ខ្ញុំព្រះករុណាខ្ញុំ និងយុទ្ធមិត្ត ៤រូបទៀត បានចេញដំណើរភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បី ស្វែងរកការឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ, ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធសង្គ្រោះ ជាតិកម្ពុជាត្រូវបានបង្កើតឡើងដែលដឹកនាំដោយខ្ញុំព្រះករុណាខ្ញុំ, ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ កងទ័ព និង ប្រជាជនទូទាំងភូមិភាគបូព៌ាបានក្រោកឈរប្រឆាំងនិងរបបប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម, ព្រមជាមួយនោះ មានចលនាតស៊ូប្រឆាំងប៉ុល ពត នៅខេត្តកោះកុង និងនៅភូមិភាគ ឦសាន រួមទាំងកម្លាំងប្រមូលផ្តុំនៅប្រទេសវៀតណាមភាគខាងជើងក្រោយសន្ធិសញ្ញាក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤។

សម្ដេចបន្តថា ផ្តើមចេញពីចលនាទាំងនេះបានផ្ដល់ឱកាសដល់ការបង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាអង្គការចាត់តាំងនយោបាយតែមួយគត់តំណាងឲ្យឆន្ទៈរបស់ប្រជាជនកម្ពុជា។

សម្ដេចតេជោ បានបញ្ជាក់ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការគាំទ្រពីប្រជាជនគ្រប់ទិសទី និងទទួលបានការជួយឧបត្ថម្ភដ៏ធំធេង ទាន់ពេល និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរបបប្រល័យពូជសាសន៍ ឲ្យដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner