សម្ដេចតេជោ ហ៊ុន សែន៖ ជ័យជម្នះ ៧មករា បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកឡើងនូវសករាជថ្មីរបស់កម្ពុជា
ភ្នំពេញ៖ ជ័យជម្នះ ៧មករា បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ នេះជាប្រសាសន៍លើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៣) នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាទូតនានាប្រចាំកម្ពុជា ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ប្រមាណជាង ៥ម៉ឺននាក់ ។
សម្ដេចតេជោ បានថ្លែងថា ជ័យជម្នះ ៧មករា បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដោយបានសង្គ្រោះអាយុជីវិតប្រជាជនរាប់លាននាក់ពី គ្រោះមរណៈ, បាននាំយកមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត ជាពិសេស សិទ្ធិនៃការរស់រានមានជីវិត, បានធ្វើឲ្យរាល់តម្លៃខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាងពូនជ្រុំនៅក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយរបស់ខ្លួននោះបានរស់ឡើងវិញ។
សម្ដេចបន្តថា ជ័យជម្នះ៧មករា បានផ្តល់កំណើតទីពីរដល់ប្រជាជនកម្ពុជា បើគ្មានជ័យជម្នះ៧មករា គឺគ្មានកម្ពុជានៅថ្ងៃនេះទេ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណាឬកម្លាំងណាអាចមកបំភ្លឺ និងបំផ្លាញបានឡើយ គឺមានតែអ្នក ស្រឡាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧មករា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា លើមូលដ្ឋានជ័យជម្នះ ៧មករា សាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានបង្កើតឡើង ដឹកនាំដោយក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលត្រូវគ្រប់គ្រងប្រទេសក្នុងស្ថានភាពមានសន្តិភាពផង និងមានសង្គ្រាមផង មិនតែប៉ុណ្ណោះត្រូវមជ្ឈដ្ឋានខាងក្រៅមួយចំនួនហ៊ុមព័ទ្ធសេដ្ឋកិច្ច និងឯកោខាងនយោបាយយ៉ាងអយុត្តិធម៌ និងអមនុស្សធម៌ថែមទៀត។
ភារកិច្ចចម្បងរបស់យើងនៅពេលនោះ គឺការពារការរស់ឡើងវិញរបស់ប្រជាជន ទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញបាន ខិតខំស្តារ កសាងសេដ្ឋកិច្ច សង្គម និងជីវភាព ប្រជាជនឡើងវិញពីចំណុចសូន្យ និងពីបាតដៃទទេឲ្យមានស្ថិរភាពជាជំហានៗ។ អាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងកម្លាំងមហាសាមគ្គីជាតិ យើងបាននាំប្រទេសជាតិឲ្យចេញផុតពីដំណាក់កាលដ៏សែនលំបាកបំផុត ជាបន្តបន្ទាប់រហូតអាចពង្រឹងពង្រីកខ្លួនបាន ដែលបានបង្កបុព្វបទ និងលក្ខណសម្បត្តិចាំបាច់ឲ្យប្រជាជាតិយើង បន្តដំណើរទៅមុខប្រកបដោយជោគជ័យលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។
សម្ដេចបានបន្តទៀតថា នៅលើមាគ៌ានេះ យើងបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃតាមរយៈនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និង ឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ មក។
សម្ដេចបញ្ជាក់ថា សន្តិភាព បានបង្កើតឱកាស មាសសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងភាពសុខសាន្តរបស់ប្រជាជនយើងរយៈពេល ៤៤ឆ្នាំហើយ ៕ ដោយ ៖ វណ្ណលុក

