ខួបលើកទី ៤៤ ទិវាជ័យជម្នះ ៧ មករា
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នេះ គឺជាខួបលេីកទី ៤៤ឆ្នាំ (៧ មករា ១៩៧៩–៧ មករា ២០២៣) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យ ពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ។ របបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។
គួររំលឹកដែរថាកាលពី ៤៤ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋត្រូវបានរបបព្រៃផ្សៃនេះបានបំបិទមិនអោយមាន ពលរដ្ឋដែលមានសំណាងនៅសល់តែស្បែកដណ្តប់ឆ្អឹងគឺរងចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។
ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់រាជ រដ្ឋាភិបាល គឺពលរដ្ឋមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ដំណើរកម្ពុជា #កម្ពុជាប្រជាធិបតេយ្យ #សម័យខ្មែរក្រហម #ជ័យជម្នះ៧មករា #ការរំដោះប្រទេស #សច្ចភាពប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ