សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើន ៦,៦% នៅឆ្នាំ២០២៣
ភ្នំពេញ៖ ថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៣) នៅមជ្ឈមណ្ឌលពិព័រណ៍ កោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាទូតនានាប្រចាំកម្ពុជា ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ប្រមាណជាង ៥ម៉ឺននាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានឆ្លងរាតត្បាតយ៉ាងខ្លាំងក្នុងឆ្នាំ២០២០-២០២១ បានទទួលជោគជ័យ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួចនានាប្រកបដោយប្រសិទ្ធភាព និងការចូលរួមដ៏សកម្មរបស់ប្រជាជន ដែលបានពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ- ១៩។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វិស័យសេដ្ឋកិច្ចបានងើបឡើងវិញយ៉ាងឆាប់ ដោយសារការខិតខំប្រឹងប្រែងប្រកបដោយភាពបុរសកម្ម និងភាពម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញវិធានការរក្សាលំនឹងសង្គម-សេដ្ឋកិច្ចទាន់ពេលជាបន្តបន្ទាប់។
សម្ដេចបន្តថា លើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៥% ក្នុងឆ្នាំ ២០២២ និងត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើន ៦,៦% នៅឆ្នាំ២០២៣។ ព្រមជាមួយនេះ ជីវភាពប្រជាជនរក្សាបានភាពនឹងន ជាពិសេស ប្រជាជនក្រីក្រ និងងាយរងគ្រោះដែលរងឥទ្ធិពលខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ រួមទាំងប្រជាជនងាយរងហានិភ័យពីសម្ពាធនៃការឡើងថ្លៃទំនិញជាសាកល និងប្រជាជនរងគ្រោះដោយទឹកជំនន់ តាមរយៈការអនុវត្តកម្មវិធី និងវិធានការអន្តរាគមន៍សង្គមកិច្ចនានាបានទាន់ពេល។
សម្ដេចបានបន្តទៀតថា នៅឆ្នាំ២០២៣នេះ មន្ត្រី-រាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានដំឡើងប្រាក់បៀវត្សមួយកម្រិតទៀត ព្រមជាមួយនេះ ប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនក៏ត្រូវបានកែសម្រួល និងដំឡើងផងដែរ, ដោយឡែក ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ ក៏ត្រូវបានដំឡើងដល់ ២០០ដុល្លារ រួមទាំងការបន្តទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាល។ ដំណើរការប្រជាធិបតេយ្យសេរី ពហុបក្សរបស់កម្ពុជា កំពុងបន្តទៅមុខតាម គន្លងនីតិរដ្ឋ ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ជាមួយគ្នានេះ គ្រប់កិច្ចការ និងសកម្មភាពរបស់គណបក្ស នយោបាយនានាក្នុងដំណើរឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ក៏កំពុងប្រព្រឹត្តទៅ យ៉ាងល្អប្រសើរ។
សម្ដេចតេជោ បានបន្ថែមថា ទន្ទឹមនឹងសមិទ្ធផលខាងលើ កិត្យានុភាពកម្ពុជា កាន់តែបានលើកកម្ពស់ឡើងលើឆាកអន្តរជាតិ ពិសេសឆ្លងតាមជោគជ័យដ៏ត្រចះត្រចង់នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ក្នុងឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន, ការប្រព្រឹត្តទៅនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នៅរាជធានីភ្នំពេញ, ការចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុបនៅប្រទេសបែលហ្ស៊ិក និងការប្រជុំអាស៊ាន-សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ៕ ដោយ ៖ វណ្ណលុក

