សម្ដេចតេជោ ហ៊ុន សែន៖ យើងត្រូវកម្ចាត់នយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្សពួក មិនទុកឲ្យវាបន្តបំពុលសង្គម នាំទៅដល់គ្រោះមហន្តរាយជាថ្មីទៀតសម្រាប់ជាតិយើង
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជូនជនរួមជាតិថា យើងត្រូវកម្ចាត់នយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្សពួកដែលកំពុងគេចខ្លួនរស់នៅក្រៅប្រទេសឲ្យអស់ពីសង្គមជាតិយើង មិនទុកឲ្យវា បន្តបំពុលសង្គម បំផ្លាញដំណើររីកចម្រើន និងបង្កការបែកបាក់ជាតិ ដែលនឹងនាំទៅដល់គ្រោះមហន្តរាយជាថ្មី ទៀតសម្រាប់ប្រជាជាតិយើង។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៣) នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាទូតនានាប្រចាំកម្ពុជា ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ប្រមាណជាង ៥ម៉ឺននាក់ ។
សម្ដេចតេជោ បានថ្លែងថា ៤៤ឆ្នាំកន្លងទៅនេះ គឺជា ៤៤ឆ្នាំ នៃសាមគ្គីភាព ជា៤៤ឆ្នាំនៃការតស៊ូអនុវត្តគ្រប់កិច្ចការប្រកបដោយ វីរភាព និងជា៤៤ឆ្នាំនៃជ័យជម្នះរបស់ប្រជាជនកម្ពុជា។ ការតស៊ូពុះពាររបស់យើង បានកែប្រែមាតុភូមិពី ទឹកដីមរណៈ មកជាទឹកដីលូតលាស់ដ៏ស្រស់បំព្រងប្រកបដោយមោទនភាពបំផុត ដែលបានបង្កើនជំនឿ និងពង្រឹងការតាំងចិត្តរបស់យើង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗទៀតក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងអនាគតដ៏រុងរឿងសម្រាប់កូនចៅយើងគ្រប់ជំនាន់តទៅមុខទៀត ដោយគ្មានការកើតមានជាថ្មីនូវសង្គ្រាម ការបែកបាក់ជាតិ និងអំពើប្រល័យពូជសាសន៍ដូចពីអតីតកាល។
សម្ដេចបន្តថា ពិតណាស់ថា ផ្លូវទៅមុខនៅតែមានឧបសគ្គ និងការលំបាកធំៗយ៉ាងច្រើនបន្តទៀត ប៉ុន្តែគ្មានអ្វីអាចមករារាំងយើងបានឡើយ ឲ្យតែយើងមានការរួបរួម សាមគ្គីគ្នាជាធ្លុងមួយ បន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តដើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ដូចដែល យើងធ្លាប់បានឆ្លងកាត់រួចមកហើយ យើងគប្បីចងចាំថា គឺកត្តាផ្ទៃក្នុងរបស់ជាតិយើង ជាកត្តាកំណត់ន ជ័យជម្នះ រីឯកត្តាខាងក្រៅគ្រាន់តែជះឥទ្ធិពលប៉ុណ្ណោះ។ ក្នុងន័យនេះ ប្រជាជាតិមួយដែលមានឯកភាពជាតិ ប្តូរផ្តាច់ការពារឯករាជ្យ សេរីភាពរបស់ខ្លួនមិនអាចត្រូវអនុភាពខាងក្រៅណាធ្វើឲ្យបរាជ័យបានឡើយ។ ដូច្នេះ ត្រូវរួមគ្នាថែរក្សាពូនជ្រុំរាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឲ្យបានគង់វង្ស និងរឹងមាំឡើងនៅគ្រប់កាលៈទេសៈ។
សម្ដេចមានប្រសាសន៍បន្តទៀតថា ក្នុងស្មារតីនេះ យើងទាំងអស់គ្នាប្តេជ្ញាដាច់ខាតការពារសន្តិភាព និងឯកភាពជាតិដែលយើងសម្រេចបានមក ដោយលំបាកបំផុតនេះ ឲ្យស្ថិតស្ថេរ គង់វង្សជានិច្ច មិនឲ្យជនណាឬអនុភាពណាមកបំផ្លាញបានឡើយ។
ត្រង់ចំណុចនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនជនរួមជាតិថា យើងត្រូវកម្ចាត់នយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិ និងបក្សពួកដែលកំពុងគេចខ្លួនរស់នៅក្រៅប្រទេសឲ្យអស់ពីសង្គមជាតិយើង មិនទុកឲ្យវា បន្តបំពុលសង្គម បំផ្លាញដំណើររីកចម្រើន និងបង្កការបែកបាក់ជាតិ ដែលនឹងនាំទៅដល់គ្រោះមហន្តរាយជាថ្មី ទៀតសម្រាប់ប្រជាជាតិយើង។ ជនណា ឬគណបក្សនយោបាយណាដែលបម្រើនយោបាយជ្រុលនិយមរបស់ទណ្ឌិត ក្បត់ជាតិនោះ ត្រូវកែប្រែខ្លួនឲ្យបានទាន់ពេល បើពុំដូច្នោះទេនឹងត្រូវប្រឈមនឹងវិធានការច្បាប់ជាធរមាន ៕ ដោយ ៖ វណ្ណលុក

