សម្ដេចតេជោ ហ៊ុន សែន៖ ការលើកកម្ពស់ជីវភាពប្រជាជន គឺជាគោលបំណងជាសារវន្តរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៣) នៅមជ្ឈមណ្ឌលពិព័រណ៍ កោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាទូតនានាប្រចាំកម្ពុជា ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ប្រមាណជាង ៥ម៉ឺននាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការលើកកម្ពស់ជីវភាពប្រជាជន គឺជាគោលបំណងជាសារវន្តរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា តាមរយៈការជំរុញអនុវត្តប្រកបដោយប្រសិទ្ធផលនូវរាល់គោលនយោបាយ និង វិធានការនានាក្នុងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
សម្ដេចបន្តថា បច្ចុប្បន្ន ជីវភាពប្រជាជនមានភាពប្រសើរឡើងជាលំដាប់ ទន្ទឹមនោះក៏នៅមានប្រជាជនយើងមួយចំនួននៅបន្តជួបការលំបាកខ្លាំងក្នុងការរស់នៅ ដែលបណ្តាលមកពី ឥទ្ធិពលនៃជំងឺកូវីដ-១៩ និងកត្តាផ្សេងៗទៀត។
ក្នុងន័យនេះ សម្ដេចតេជោ សូមឲ្យគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី និងមន្ត្រីគ្រប់លំដាប់ថ្នាក់ បន្តខិតខំដោះស្រាយសំណូមពររបស់ប្រជាជននៅមូលដ្ឋាន ពង្រឹងសុវត្ថិភាពភូមិ-ឃុំ- សង្កាត់ ពង្រីកស្ថានភាពអំណោយផលដល់ការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋ និងជំរុញការអនុវត្តកម្មវិធី និងវិធានការអន្តរាគមន៍សង្គមកិច្ចនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញឲ្យបានល្អ ដើម្បីធានារក្សាលំនឹង ជីវភាព និងបង្កើនឱកាសសម្រាប់ការលើកស្ទួយជីវភាពរបស់ប្រជាជន ៕ ដោយ ៖ វណ្ណលុក

