សម្ដេចតេជោ ហ៊ុន សែន៖ ប្រជាជនកម្ពុជា មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួន ព្រោះយើងបានឆ្លងកាត់ការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ឃុំ សង្កាត់សរុបជាង ១០លើកមកហើយ
ភ្នំពេញ៖ ប្រជាជនកម្ពុជា មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួន ព្រោះយើងបានឆ្លងកាត់ការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ឃុំ សង្កាត់សរុបជាង១០លើកមកហើយ ដែលជាបទពិសោធន៍គ្រប់គ្រាន់ក្នុងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួន។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៣) នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាទូតនានាប្រចាំកម្ពុជា ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ប្រមាណជាង ៥ម៉ឺននាក់ ។
សម្ដេចតេជោ បានលើកឡើងថា នៅសល់រយៈពេល ៧ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧នឹងមកដល់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាព្រឹត្តិកាណ៍ជាប្រវត្តិសាស្ត្រ មួយមានអត្ថន័យយ៉ាងធំធេងចំពោះជោគវាសនារបស់ជាតិ និងប្រជាជនកម្ពុជា។
សម្ដេចបន្តថា ប្រជាជនយើង ដែលបានឆ្លងកាត់ការបោះឆ្នោតសកលថ្នាក់ជាតិចំនួន ៦លើក និងការបោះឆ្នោតថ្នាក់ឃុំ សង្កាត់ចំនួន ៥លើករួចមកហើយនោះ ពិតជាមានការយល់ដឹង និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួន ដើម្បីធានាការ ការពារសន្តិភាព ជំរុញការអភិវឌ្ឍ និងលើកស្ទួយជីវភាពឲ្យបានកាន់តែប្រសើរឡើង។
នៅក្នុងបរិការណ៍នេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សម្ដេចតេជោ សូមប្រកាសជាឱឡារិកនូវការចូលរួមរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតខាងមុខនេះ ដោយគោរពយ៉ាងម៉ឺងម៉ាត់ តាមច្បាប់ ព្រមទាំងបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ព្រមជាមួយនេះ សម្ដេចក៏សូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ អង្គការនានានៃសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន ក្រសួងស្ថាប័ន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គោរពខ្ជាប់ខ្ជួនតាមគោលការណ៍ច្បាប់ ហើយចូលរួមទាំងអស់គ្នាក្នុងការពង្រឹងបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតប្រកបដោយលក្ខណៈអព្យាក្រឹត គ្មានការ គំរាមកំហែង និងសុវត្ថិភាព ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ក្នុងឱកាសដ៏ឱឡារិកនេះដែរ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្នាក់ដឹកនាំទាំងអស់ន គណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សូមសម្ដែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះជនរួមជាតិទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានផ្ដល់យុត្តិធម៌ ការគាំទ្រ និងការជឿជាក់លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងខ្ញុំព្រះករុណាខ្ញុំ រយៈពេល ៤៤ឆ្នាំ កន្លងទៅនេះ ដែលធ្វើឲ្យគណបក្ស និងរូបសម្ដេច អាចបំពេញបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជនប្រកបដោយជោគជ័យ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងបន្តខិតខំធ្វើអ្វីៗគ្រប់យ៉ាងក្នុងលទ្ធភាពទាំងអស់របស់ខ្លួន ដើម្បីភាពរីកចម្រើនរឹងមាំ និងភាពសុខសាន្តរបស់ មាតុភូមិ និងប្រជាជនកម្ពុជា ៕ ដោយ ៖ វណ្ណលុក

