លោក ហ្សេលេនស្គី ថា ការផ្តល់ជំនួយរថពាសដែកប្រយុទ្ធ គឺពិតជាអ្វីដែលអ៊ុយក្រែនត្រូវការចាំបាច់
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងសារតាមវីដេអូនៅថ្ងៃសុក្រសប្តាហ៍នេះថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងរថពាសដែកប្រយុទ្ធ Bradley ជាលើកដំបូង គឺជាអ្វីដែលអ៊ុយក្រែនត្រូវការចាំបាច់។
លោក ហ្សេលេនស្គី បាននិយាយថា ការប្រកាសជាផ្លូវការខាងលើនេះ បានកើតមានឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីខែមុន ដើម្បីបង្កើតលទ្ធផលជាក់ស្តែង។ សព្វាវុធទាំងនោះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាថ្មីទំហំ ៣ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនដែលត្រូវបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ។
លោក ហ្សេលេនស្គី បន្ថែមថា ជាលើកដំបូង ដែលយើងនឹងទទួលបានរថពាសដែកប្រយុទ្ធ Bradley… នេះគឺជាអ្វីដែលអ៊ុយក្រែនត្រូវការ ហើយលោកសូមអរគុណដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសភាសហរដ្ឋអាមេរិក។
លោក ហ្សេលេនស្គី ដែលបានដាក់សម្ពាធលើសម្ព័ន្ធមិត្តឥតឈប់ឈរ ក្នុងការបញ្ជូនអាវុធដល់អ៊ុយក្រែនបន្ថែមទៀតនោះ ក៏បានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ផងដែរ ដែលគ្រោងនឹងបញ្ជូនរថពាសដែកប្រយុទ្ធ Marder និងប្រព័ន្ធមីស៊ីលការពារដែនអាកាស ប៉ាទី្រយ៉ូត ដល់អ៊ុយក្រែន។
បើតាមលោក ហ្សេលេនស្គី មកទល់ពេលនេះ អ៊ុយក្រែនមានប្រព័ន្ធមីស៊ីលការពារដែនអាកាសកាន់តែច្រើន និងរថពាសដែកកាន់តែច្រើន ព្រមទាំងរថក្រោះលោកខាងលិច ដែលប្រការទាំងអស់នេះមានន័យថា មានការការពារកាន់តែច្រើនសម្រាប់អ៊ុយក្រែន និងប្រជាជនអឺរ៉ុបទាំងអស់ ប្រឆាំងនឹងពួកភេរវកររុស្ស៊ីគ្រប់ប្រភេទ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា


