សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងជំទាស់ដាច់ខាតចំពោះការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយកម្លាំង ប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ

ភ្នំពេញ៖ ថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៣) នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយមានការអញ្ជើញចូលរួមពីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាទូតនានាប្រចាំកម្ពុជា ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ប្រមាណជាង ៥ម៉ឺននាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការប្រែប្រួលដ៏ស្មុគស្មាញតានតឹងនៃសភាពការណ៍សកលលោកបច្ចុប្បន្ននេះ ដែល បណ្តាលមកពីការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយរវាងមហាអំណាចធំៗ ដែលបានធ្វើឲ្យរង្គោះរង្គើរដល់ សណ្តាប់ធ្នាប់អន្តរជាតិ និងគំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងវិបុលភាពជាសាកលនោះ សម្ដេចសូមយកឱកាសនេះបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ដែលជាប្រទេសសមាជិកដ៏សកម្មមួយនៃអង្គការសហប្រជាជាតិ ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការការពារសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ និងការពង្រឹងប្រព័ន្ធ ពហុភាគីនិយម ដែលប្រកបដោយបរិយាបន្ន តម្លាភាព យុត្តិធម៌ និងបើកចំហ ដើម្បីធានាដល់ការកសាង សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការលើកកម្ពស់គុណភាពនៃជីវិត និងការរស់នៅរបស់ប្រជាជន។

សម្ដេចតេជោ បានបន្តថា កម្ពុជា ប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ បទដ្ឋាន ព្រមទាំងគោលការណ៍ទាំងឡាយដែលត្រូវបានទទួលស្គាល់ ជាសាកល ហើយជំទាស់ដាច់ខាតចំពោះការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយកម្លាំងប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ។

សម្ដេចបានបញ្ជាក់ថា ចំពោះបញ្ហាសង្គ្រាម និងសន្តិភាព ឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ដែលកម្ពុជាបានជួបរួចមកហើយនោះ យើងយល់ថាសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ មានតែការដោះស្រាយជម្លោះដោយសន្តិវិធីតាម រយៈការសន្ទនា និងពិគ្រោះយោបល់ប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាពបាន ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner