ឯកឧត្តម ប៉ាន សូរសក្ត័៖ ដើម្បីអនុវត្តបានដោយជោគជ័យ នូវគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ចាំបាច់យើងត្រូវមាន និងបន្តអភិវឌ្ឍនូវកត្តា៣ សំខាន់គឺ រចនាសម្ព័ន្ធរឹង ទន់ និងធនធានមនុស្ស

ភ្នំពេញ៖ ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីភាព សម្ពោធអគារមន្ទីរពិសោធន៍ថ្មីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដើម្បីអនុវត្តបានដោយជោគជ័យ នូវគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ចាំបាច់យើងត្រូវមាន និងបន្តអភិវឌ្ឍនូវកត្តា៣ សំខាន់គឺ៖ រចនាសម្ព័ន្ធរឹង រចនាសម្ព័ន្ធទន់ និងធនធានមនុស្ស។ ពាក់ព័ន្ធនឹងរចនាសម្ព័ន្ធរឹង ឯកឧត្ដមរដ្ឋមន្រ្តី បញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានយកចិត្តទុកដាក់និងប្រឹងប្រែងធ្វើការអភិវឌ្ឍតាមរយៈការកសាងបាននូវអគាររដ្ឋបាលនិងមន្ទីរពិសោធន៍នៅថ្នាក់កណ្តាល និងអគាររដ្ឋបាលនិងមន្ទីរពិសោធន៍ខ្នាតតូចនៅតាមបណ្តាខេត្ត ដែលរហូតមកដល់បច្ចុប្បន្ននេះ ខេត្តចំនួន ១៦ មានអគារដែលទើបសាងសង់ថ្មីសម្រាប់បំពេញការងាររួចហើយ។ ក្រៅពីនេះ យើងនៅបំពាក់រថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈនិងម្ហូបអាហារចំនួន៩គ្រឿង និងឧបករណ៍សម្រាប់បម្រើឱ្យការងារត្រួតពិនិត្យនិងវិភាគក្នុងមន្ទីរពិសោធន៍ មួយចំនួនទៀត ។

ពាក់ព័ន្ធនឹងរចនាសម្ព័ន្ធទន់ ឯកឧត្ដមរដ្ឋមន្រ្តី បន្ថែមថា ក្រសួងពាណិជ្ជកម្ម ពិសេសអគ្គនាយកដ្ឋាន ក.ប.ប. បានកសាងនូវបទប្បញ្ញត្តិជាច្រើន ក្នុងនោះមានច្បាប់ចំនួន៤ (ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញនិងសេវា, ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពី សុវត្ថិភាពម្ហូបអាហារ)។ ក្រៅពីនេះ នៅបានកសាងឯកសារគតិយុត្ត ដូចជាអនុក្រឹត្យ សេចក្តីសម្រេច ប្រកាសអន្តរក្រសួង ប្រកាស គោលការណ៍ណែនាំ និងនីតិវិធីប្រតិបត្តិស្តង់ដារ ជាច្រើនទៀត ដែលនេះ គឺជា មូលដ្ឋានគ្រឹះដ៏មានតម្លៃបំផុត សម្រាប់មន្រ្តីយកទៅអនុវត្តក្នុងបេសកកម្មការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងជម្រុញការពារធុរកិច្ចឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌។

ចំពោះធនធានមនុស្សវិញ ឯកឧត្ដមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានផ្តល់ការយកចិត្តទុកដាក់បំពាក់បំប៉នជំនាញបច្ចេកទេស ដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ តាមរយៈការបញ្ជូនទៅចូលរួមបណ្តុះបណ្តាលនៅក្នុងនិងក្រៅ ការរៀបចំវគ្គ បណ្តុះបណ្តាលជំនាញ និងសិក្ខាសាលាផ្ទៃក្នុងអង្គភាព និងអន្តរស្ថាប័នជាដើម ៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner