កម្ពុជាស្នើដៃគូអភិវឌ្ឍន៍ និងសប្បុរសជន បន្តកិច្ចសហ ប្រតិបត្តិ ការ លើការបោសសម្អាតមីន
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានស្នើដល់ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្តវិស័យឯកជននិងសប្បុរសជនទាំងអស់ បន្តកិច្ចសហប្រតិបត្តិការគាំទ្រដល់បេសកកម្មបោសសម្អាតមីន ដើម្បីឈានដល់ការសម្រេចបានគោលដៅកម្ពុជាគ្មានមីន នៅត្រឹមឆ្នាំ២០២៥។
សារាចរស្តីពីការពង្រឹងបន្ថែមលើការងារគ្រប់គ្រងសកម្មភាពមីនដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី៦ ខែមករា បានលើកឡើងថាសកម្មភាពបោសសម្អាតមីនត្រូវ បានរាជរដ្ឋាភិបាលកំណត់យកជាអាទិភាពចម្បងដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនិងជំរុញការអភិវឌ្ឍ។
សារាចរបានបញ្ជាក់ថា៖«ព្រះរាជាណាចក្រកម្ពុជា បាន កំណត់នូវចក្ខុវិស័យយ៉ាង ច្បាស់លាស់ថា ប្រទេសកម្ពុជាជា ប្រទេសដែលគ្មានមីន ការគំរាមកំហែងដោយសំណល់ ជាតិផ្ទុះពីសង្គ្រាម ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា ហើយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការអភិវឌ្ឍមនុស្សអាចប្រព្រឹត្តទៅដោយសុវត្ថិភាព»។
ដើម្បីសម្រេចបានជោគជ័យតាមផែនការយុទ្ធសាស្ត្ររាជរដ្ឋាភិបាលបានណែនាំចំនួនប្រាំពីរចំណុចមាន៖
១-ស្នើបន្តកិច្ចសហប្រតិបត្តិការគាំទ្ររបស់ដៃគូអភិវឌ្ឍ ប្រទេស ជាមិត្ត វិស័យឯកជន និងសប្បុរសជន ទាំងផ្នែកបច្ចេកទេស ថវិកា និងសម្ភារ ក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា ដើម្បីឈានដល់ការ សម្រេចបាននូវគោលបំណងនៃ ផែនការ យុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ និងការ សម្រេច បានគោលដៅ កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥។
២-ក្រសួង ស្ថាប័ន ដែលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ ត្រូវសហការជាមួយ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ដើម្បីពិគ្រោះយោបល់អំពីស្ថានភាពនៃការគម្រាម ដោយ សារ គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើទីតាំងដែលត្រូវ អនុវត្តគម្រោង ក៏ដូចជាកំណត់នូវវិធានការចាំបាច់ និង វិធីសាស្ត្រដើម្បីបញ្ចៀសនូវហានិភ័យនានាដែលអាចកើតមាន។ ការចុះកិច្ចសន្យា ត្រូវធ្វើឡើងតែជាមួយប្រតិបត្តិករបោស សម្អាតមីន ដែលមានអាជ្ញាបណ្ណ និងបណ្ណទទួល ស្គាល់នៅ មានសុពលភាពពីអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីនប៉ុណ្ណោះ ដើម្បីលើកកម្ពស់ និងធានានូវការគោរពស្តង់ដានៃការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពី សង្គ្រាម ប្រកបទៅដោយគុណភាព និងធានាបាន នូវសុវត្ថិភាពពេញលេញ។
៣-គ្រប់ក្រុមហ៊ុនអាជីវកម្ម និងអ្នកសាងសង់គម្រោងឯកជន ត្រូវសហការនិងពិភាក្សាជាមួយអាជ្ញាធរ កម្ពុជាគ្រប់គ្រង សកម្មភាព កំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន ដើម្បីកំណត់អត្តសញ្ញាណពិត ប្រាកដនៃទីតាំងដែលមានការ គម្រាមដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម និង ចាំបាច់ ត្រូវបោស សម្អាតជាមុន មុននឹងចាប់ផ្តើមអនុវត្តការ សាងសង់ ឬធ្វើសកម្មភាពនានារបស់ខ្លួន។
៤-សូមលើកទឹកចិត្តដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខាភិបាលនិងព្យាបាលជំងឺដោយឥតគិតថ្លៃប្រកបដោយវិជ្ជាជីវៈដល់ប្រតិបត្តិករបោសសម្អាតមីន។
៥-អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិង សង្គ្រោះជនពិការដោយសារមីន ត្រូវកែសម្រួល
លិខិត បទដ្ឋានគតិយុត្តនិងឯកសារពាក់ព័ន្ធនានា ដើម្បីធានានូវសុខដុមនីយកម្មរចនាសម្ព័ន្ធនៃការគ្រប់គ្រង សកម្មភាពមីន និងត្រូវបន្តអនុវត្ត យន្តការភូមិអស់មីន ឱ្យបានជោគជ័យ។
៦-ប្រតិបត្តិករបោសសម្អាតមីនជាតិ អន្តរជាតិ ត្រូវ សហការ ជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កំចាត់មីននិង សង្គ្រោះជនពិការដោយសារមីន ក្នុងការពង្រឹងបន្ថែមលើ ការងារគ្រប់គ្រង សកម្មភាពមីន និង ការបញ្ជូនកងកម្លាំង ដែលជាជនជាតិខ្មែរក្នុងការងារ សកម្មភាពមីនទៅបំពេញ បេសកកម្មនៅក្រៅប្រទេស។
៧-អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិង សង្គ្រោះ ជនពិការដោយសារមីន ត្រូវធ្វើការសិក្សា អំពីលទ្ធភាពនៃ ការ កាត់បន្ថយផ្ទៃដីដែលមានការគំរាមដោយសារមីន តាមវិធីសាស្ត្រ មិនបច្ចេកទេសប្រកប ទៅដោយសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលឱ្យបានពេញលេញតាមតែអាច ធ្វើទៅបាន សំដៅបង្កើន ល្បឿនការបោសសម្អាតមីន នៅកម្ពុជា។
ពាក់ព័ន្ធកិច្ចការសម្អាតមីននេះដែរ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ម.ស.មក) បានដឹកនាំប្រជុំ ផ្ទៃក្នុងជាមួយមន្រ្តី-បុគ្គលិក ដើម្បីជម្រាបជូនពីវឧ្ឍនភាព នៃស្ថានភាពគម្រោងដែលកំពុងត្រូវបានអនុវត្តនៅតាមទីវាលនៅក្នុងឆ្នាំ២០២២កន្លងមក និងការត្រៀមកម្លាំងសម្រាប់ការ អនុវត្តគម្រោងក្នុងឆ្នាំ២០២៣ខាងមុខ។
ឯកឧត្តមបានឱ្យដឹងថា គិតចាប់តាំងពីខែមករា រហូតដល់ ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២នេះ សមិទ្ធផលប្រតិបត្តិការ ទទួលបានជោគជ័យគួរឱយកត់សម្គាល់ដោយមន្រ្តីជួរមុខរបស់យើងបានបោសសម្អាតផ្ទៃដីចំនួន ១៦៩.២៥៧.២៨១ ម៉ែត្រការ៉េ រកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥៤.៩០៦គ្រាប់ ឆ្លើយតបសំណើរចំនួន២.៩៦៣លើក អប់រំផ្សព្វផ្សាយយល់ ដឹងពីមីនចំនួន១.១០៨.១៥២នាក់ ស្រាវជ្រាវចម្ការមីន/គ្រាប់ចំនួន៧១.២១៨.៩៦៨ ម៉ែត្រការ៉េ ស្រាវជ្រាវចម្ការ មីនថ្មីចំនួន ៤១៥ និងបោះស្លាកចម្ការមីនប្រវែង ៥៧.១៨៥ម៉ែត្រ។
លោកបន្តថា ដោយឡែកនៅក្នុងឆ្នាំ២០២៣នេះ ស្ថានភាព គម្រោងសព្វថ្ងៃមានការគាំទ្រពីម្ចាស់ជំនួយ មានដូចជា ប្រទេសជប៉ុន ប្រទេសចិន ប្រទេសអាម៉េរិក ប្រទេស ន័រវេស,អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ( UNDP )និងគម្រោងមូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ ជាដើម៕
ដោយ៖ឡាយ សាមាន