រដ្ឋមន្រ្តីក្រសួងទេសចរណ៍ផ្តាំផ្ញើនិស្សិតដែលសិក្សានៅក្រៅប្រទេសសូមជួយផ្សព្វផ្សាយវិស័យទេសចរណ៍

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានផ្ដាំ ផ្ញើដល់និស្សិតកម្ពុជាដែលទៅសិក្សានៅប្រទេសនូវែលសេឡង់ ថា ក្រៅពីខិតខំប្រឹងប្រែងសិក្សាឱ្យបានពូកែក៏សូមជួយ ផ្សព្វ ផ្សាយ ពីវិស័យទេសចរណ៍ជាតិ ពីកត្តាសន្តិភាព ការអភិវឌ្ឍ ក្នុងប្រទេស ដើម្បីរួមចំណែក្នុងការទាក់ទាញភ្ញៀវទេសចរពី ប្រទេស ភាគខាងត្បូងនោះ។

ការស្នើនេះធ្វើឡើងក្នុងឱកាសឯកឧត្តម ថោង ខុន អនុញ្ញាតឱ្យ និស្សិតកម្ពុជាចំនួន១៦រូបដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលនូវែលសេឡង់ចូលជួបសម្ដែងការគួរសម និងទទួល អនុសាសន៍កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការ ក្រសួង ទេសចរណ៍។

ប្រភពក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងឱកាសនេះឯកឧត្តម រដ្ឋមន្រ្តីបានណែនាំដល់ក្រុមនិស្សិតនេះថា ទោះបីសិក្សានៅ ប្រទេសក៏ដោយក៏និស្សិតកម្ពុជាយើងត្រូវចូលរួមគិតគូរពីកិច្ចអភិវឌ្ឍប្រទេសជាតិ ចូលរួមចំណែកជាកម្លាំងកសាងជាតិកម្ពុជា ។សូមឱ្យនិស្សិតគ្រប់គ្នាចូលរួមថែរក្សាសន្តិភាព និងសមិទ្ធផល ដែលរាជរដ្ឋាភិបាលបានខិតខំកសាង ព្រោះសន្តិភាពនេះហើយ ដែលបានធ្វើឱ្យប្រជាជនមានឱកាសកសាងសេដ្ឋកិច្ច សង្គម និស្សិតមានឱកាសបន្តការសិក្សា កសាងធនធានមនុស្ស តួយ៉ាងដូចជាឱកាសដែលក្រុមនិស្សិតបានបន្តការសិក្សានៅក្រៅប្រទេសនេះ។

លោកបានបន្តថា បច្ចុប្បន្នកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ហើយក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិ ពិសេសរាជ រដ្ឋាភិបាលបានគ្រប់គ្រងស្ថានភាពកូវីដ១៩បានយ៉ាងល្អប្រសើរ ប្រជាជនមានភាពរួសរាយរាក់ទាក់ ហើយមានគោលដៅទេស ចរណ៍ សម្រាប់លេងកម្សាន្តច្រើន ខណៈចលនាទេសចរណ៍ ក្នុងស្រុកកំពុងបន្តងើបឡើង។ម្យ៉ាងវិញទៀត កម្ពុជាកំពុងផ្សព្វ ផ្សាយពីឆ្នាំទស្សនាកម្ពុជាឆ្នាំ២០២៣ (Visit Cambodia 2023) និងកំពុងត្រៀមខ្លួនឆ្ពោះទៅការរៀប ចំព្រឹត្តិការ កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ដែលជា ព្រឹត្តិការណ៍កីឡាដ៏ធំ។

លោក ពុត សុភ័គ តំណាងក្រុមនិស្សិតខាងលើបានរាយការណ៍ ថា ការទទួលបានអាហារូបករណ៍នេះ គឺធ្វើឡើងតាមរយៈ ក្រោមជំនួយរបស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់ សម្រាប់ ការអភិវឌ្ឍធនធានមនុស្ស សង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។និស្សិតជ័យលាភីទាំង១៦រូបនេះ គឺជាមន្ត្រីបម្រើការនៅស្ថាប័នរដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋា ភិបាល ដូចជា ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទីស្ដីការគណៈរដ្ឋមន្ត្រី សាលា ACE ធនាគារអភិវឌ្ឍន៍អាស៉ី-ប៉ាស៊ីហ្វិក អង្គការទស្សន ពិភពលោក អង្គការមូលនិធិអាស៊ី និងអង្គការអ្នកត្រួស ត្រាយនៃកម្ពុជា។

គួរជម្រាបថា ក្រុមនិស្សិតទាំង១៦រូបខាងលើនឹងចេញដំណើរ ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១-២ឆ្នាំ នៅដើមឆ្នាំ២០២៣ ដោយផ្ដោតលើជំនាញអាទិភាពចំនួន៩មុខ រួមមាន៖ ១. អាជីវកម្មប្រកបដោយចីរភាព ២. វិជ្ជាជីវៈ គណនេយ្យ ៣. វិទ្យាសាស្ត្រកសិកម្ម ៤. គោលនយោបាយ សាធារណៈ ៥. ទំនាក់ទំនងអន្តរជាតិ ៦. សុខភាពសាធារណៈ ៧. សិក្សាច្បាប់ ៨. គ្រប់គ្រងសំណង់ និង៩. បង្រៀនភាសា អង់គ្លេស។ការសិក្សាតាមរយៈអាហារូបករណ៍នេះ គឺនៅ សាកលវិទ្យាល័យចំនួនបួន រួមមាន៖ Victoria University of Wellington, University of Auckland,Auckland University of Technology and Lincoln University៕
ដោយ៖វណ្ណ សុជាតា

ads banner